(សាន់ត្យាហ្គោ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសស៊ីលី បានឱ្យដឹងថាចំនួនអ្នកស្លាប់ ដោយសារភ្លើងឆេះព្រៃដែលកំពុងលុកលុយតំបន់ភាគកណ្តាលនៃប្រទេស បានកើន ដល់៩៩នាក់ហើយ បន្ទាប់ពីលោកប្រធានាធិបតី Gabriel Boric ព្រមានថាចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងបន្តតស៊ូប្រយុទ្ធនឹងអណា្តតភ្លើងឆេះព្រៃ នៅក្នុងតំបន់ឆ្នេរទេសចរណ៍ Valparaiso ដោយត្រូវប្រឈមមុខនឹងរលកកម្ដៅដ៏ក្ដៅជាមួយ សីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេ។ តាមក្រុមមន្ត្រីស៊ីលី ក្នុងចំណោមមនុស្ស ៩៩នាក់ដែលបានបាត់បង់ជីវិត មានសាកសព ៣២នាក់ត្រូវបានបញ្ជាក់ អត្តសញ្ញាណ ហើយមនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានបាត់ខ្លួនផងដែរ។
ចំណែក ផ្ទះច្រើនជាង ១០០០ខ្នងត្រូវបានបំផ្លាញ ឬរងការខូចខាត ដោយសារភ្លើងឆេះព្រៃ ៩០ទីតាំងនៅទូទាំងប្រទេសស៊ីលី។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន អំលុងបាតុភូតរលកកម្តៅខ្លាំងបំបែកកំណត់ត្រា មនុស្សប្រមាណ២៧នាក់បានស្លាប់ ហើយផ្ទៃដីសរុបជាង៤០០,០០០ហិកតា បានរងការឆាបឆេះ៕
រូបភាពពី Reuters