(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបំពេញដំណើរទស្សនកិច្ចសាជាថ្មី ទៅកាន់តំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ ខណៈរូបលោកកំពុងស្វែងរកការគាំទ្រដល់សំណើមួយដើម្បីផ្អាកជម្លោះដ៏បំផ្លិចបំផ្លាញនៅក្នុងតំបន់ហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

នេះគឺជាដំណើរទស្សនកិច្ចលើកទី៥ហើយរបស់លោក Blinken ទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមនៅហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក និងកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយសហរដ្ឋអាមេរិកដឹកនាំការវាយប្រហារសងសឹកប្រឆាំងគោលដៅពាក់ព័ន្ធនឹងអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់។

ដំណើរទស្សនកិច្ចនេះក៏កើតឡើងផងដែរ ចំពេលរដ្ឋបាលលោក បៃដិន ហាក់ដូចជាបានបង្ហាញការខកចិត្តចំពោះអ៉ីស្រាអែល ជាមួយការដាក់ទណ្ឌកម្មលើក្រុម និគមជនអ៉ីស្រាអែលជ្រុលនិយម ដែលត្រូវបានចោទថាបានប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងជនជាតិប៉ាឡេស្ទីនក្នុងតំបន់ West Bank បើទោះជាសហរដ្ឋអាមេរិក ច្រានចោលការអំពាវនាវពីអន្តរជាតិឱ្យអ៉ីស្រាអែលបញ្ចប់សង្រ្គាមនៅហ្កាហ្សាក៏ដោយ។ លោក Blinken នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់អ៉ីស្រាអែល អេហ្ស៉ីប និងប្រទេសកាតា ដែលប្រទេសទាំង២នេះ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចចរចារវាងអ៉ីស្រាអែល និងហាម៉ាស។

គួរបញ្ជាក់ថា បើតាមមន្ត្រីហាម៉ាសម្នាក់ សំណើមួយដែលកំពុងស្ថិតនៅក្រោមកិច្ចពិភាក្សានៅឡើយ និងត្រូវបានព្រាងឡើងអំឡុងកិច្ចចរចា កាលពីសប្ដាហ៍មុន ក្នុងទីក្រុងប៉ារីស ដោយមានការចូលរួមពីប្រមុខ CIA អាមេរិក និងក្រុមមន្ត្រីមកពីអ៉ីស្រាអែល រួមទាំងកាតា គឺមានគោលដៅផ្អាកការវាយប្រយុទ្ធគ្នាជំហានដំបូង រយៈពេល ៦សប្ដាហ៍ រីឯក្រុមហាម៉ាសត្រូវតម្រូវឱ្យដោះលែងចំណាប់ខ្មាំង ជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន៕