(សាណា)៖ ក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែនបាននិយាយនៅថ្ងៃអាទិត្យ (ទី៤ ខែកុម្ភៈ) ថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអង់គ្លេស «នឹងមិនអាចរារាំងសកម្មភាពរបស់ពួកយើងបានទេ» ហើយបានប្តេជ្ញាថានឹងឆ្លើយតបវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍កន្លងទៅ បានបន្តការវាយប្រហារតាមផ្លូវអាកាសប្រឆាំងទៅលើគោលដៅក្រុមហ៊ូទី (Houthi) សរុបចំនួន៣៦គោលដៅ នៅប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមនេះ ដែលកំពុងបន្តប្រឆាំងនឹងការដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្ម ព្រមទាំងនាវាកងទ័ពជើងទឹកឆ្លងកាត់សមុទ្រក្រហម។
គួរបញ្ជាក់ថា នៅមុនការវាយប្រហាររបស់អាមេរិក និងអង់គ្លេសទៅក្រុម Houthi នេះមួយថ្ងៃ ពោលនៅថ្ងៃសុក្រ ទី០២ កុម្ភៈ សហរដ្ឋអាមេរិកក៏បានបើកប្រតិបត្តិការសងសឹង ដោយវាយប្រហារតាមផ្លូវអាកាស លើទឹកដីស៉ីរីនិងអ៉ីរ៉ាក់ផងដែរ ក្រោយការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក កាលពីសប្តាហ៍មុន បណ្តាលឱ្យស្លាប់ទាហាន៣នាក់ និងបង្កឱ្យរបួសជាច្រើននាក់។
ខណៈទីក្រុងវ៉ាស៉ីនតោនបានចោទប្រកាន់ ក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ អំពីការវាយប្រហារលើកងទ័ពអាមេរិក នៅតាមមូលដ្ឋានក្នុងប្រទេសអ៉ីរ៉ាក់ ស៉ីរី និងហ៊្សកដានី ក្រុមហ៊ូទីដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ដែរនោះ ជាទូទៅបានកំណត់គោលដៅវាយប្រហារលើ កប៉ាល់ពាណិជ្ជកម្មនិងនាវាចម្បាំងនៅសមុទ្រក្រហម។ ស្ថានការណ៍វិវត្តន៍ទាំងនេះ គឺជាសញ្ញាថ្មីចុងក្រោយ នៃការីករាលដាលជម្លោះនៅមជ្ឈិមបូព៌ា គិតចាប់តាំងពីការផ្ទុះឡើង នៃសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕
រូបភាពពី Reuters