(ប៉េកាំង)៖ លោក Xi Jinping ធ្លាប់និយាយថា “ពេលដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន ខ្ញុំកាន់តែយកចិត្តទុកដាក់ចំពោះកម្មាភិបាល និងប្រជាជននៅតំបន់មូលដ្ឋាន។”ដោយសារការយកចិត្តដាក់បែបនេះ លោកបានចុះសួរសុខទុក្ខនៅតំបន់មូលដ្ឋាន និងបានមកក្បែរកម្មាភិបាលនិងប្រជាជន ក្នុងឱកាសថ្ងៃបុណ្យដ៏សំខាន់បំផុតនេះ សម្រាប់ប្រជាជនចិន។

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅតំបន់ជនបទ ផ្លូវប្រវត្តិសាស្ត្រនិងវប្បធម៌ និងសាលរំលឹកបដិវត្តន៍ ហើយបានផ្ញើការយកចិត្តទុកដាក់និងការជូនពររបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដល់ កម្មាភិបាលនិងប្រជាជនក្នុងមូលដ្ឋាន។

នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ លោក Xi Jinping បានមកដល់ភូមិ Liubu សង្កាត់ Xiqing។ នៅចុងខែកក្កដានិងដើមខែសីហាឆ្នាំ២០២៣ ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសចិន បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងអាងទន្លេ Hai ហើយស្រែចម្ការជាច្រើន នៅក្នុងតំបន់ស្តុកទឹកឃុំ Dongdian ទីក្រុង Tianjin ត្រូវបានជន់លិច។ លោក Xi Jinping បានស្តាប់ការណែនាំ ស្ថានភាពគ្រោះមហន្តរាយ នៅក្នុងស្រុក Tianjin និងសង្កាត់ Xiqing នៅនឹងកន្លែង បានដើរចូលទៅរោងបន្លែ ដើម្បីសង្កេតមើលស្ថានភាពលូតលាស់របស់បន្លែ និងបានសួរកសិករពីស្ថានភាពយ៉ាងលម្អិត អំពីការជួសជុលរោងបន្លែ ការដាំបន្លែឡើងវិញនិងការលក់។

លោកបានកោតសរសើរស្មារតីរៀបចំផលិត ខ្លួនទីពឹងខ្លួន និងបានថ្លែងអំណរគុណដល់អ្នកភូមិចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែកក្នុងការធ្វើឱ្យ “កន្ត្រកបន្លែ” ទីក្រុងសម្បូរបែប។ នៅរសៀលថ្ងៃដដែល លោកបានមកកាន់វិថីវប្បធម៌បុរាណ ក្រុង Tianjin ដើម្បីពិនិត្យមើលការផ្គត់ផ្គង់ទីផ្សារក្នុងពិធីបុណ្យ និងការអភិរក្សនិងការប្រើប្រាស់ផ្លូវប្រវត្តិសាស្ត្រនិងវប្បធម៌។វិថីវប្បធម៌បុរាណ គឺជាកន្លែងកំណើតរបស់ក្រុង Tianjin និងជាកន្លែងប្រមូលផ្តុំសេដ្ឋកិច្ច វប្បធម៌និងពាណិជ្ជកម្មដំបូងបំផុត នៅក្នុងទីក្រុង Tianjin ដែលបង្ហាញពីទំនៀមទម្លាប់ប្រជាប្រិយនិងប្រវត្តិសាស្រ្ត នៃទីក្រុង Tianjin។

លោក Xi Jinping បានដើរតាមដងផ្លូវ ហើយចូលទៅក្នុងហាងពិសេសៗ ដើម្បីឈ្វេងយល់អំពីប្រភេទផលិតផល ការលក់ បេតិកភណ្ឌវប្បធម៌ប្រពៃណីនិងការអភិវឌ្ឍន៍ ហើយបាននិយាយលេងជាមួយម្ចាស់ហាង បុគ្គលិកនិងមនុស្សនៅនឹងកន្លែង។លោកបាននិយាយថា គណៈកម្មការបក្សនិងរដ្ឋាបាលគ្រប់ថ្នាក់ត្រូវពង្រឹងការផលិត ការលក់និងផ្គត់ផ្គង់ទំនិញរបស់ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យនេះ ដើម្បីធានាបាននូវបរិមាណគ្រប់គ្រាន់ ប្រភេទសម្បូរបែបនិងគុណភាព ដែលអាចជឿទុកចិត្តបាន ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ ប្រកបដោយទំនុកចិត្ត និងឆ្លងបុណ្យចូលឆ្នាំថ្មីដោយសប្បាយរីករាយ។

លោក Xi Jinping បានចង្អុលបង្ហាញថា ការធ្វើទំនើបកម្មតាមបែបផែនចិនមិនអាចកាត់ផ្តាច់ចេញពី ការបន្តនិងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់បានឡើយ ក្រុងTianjinជាទីក្រុង ដែលមានលក្ខណៈពិសេស និងភាពទាក់ទាញដ៏អស្ចារ្យ គួរតែអភិរក្សនិងប្រើប្រាស់ផ្លូវប្រវត្តិសាស្ត្រ និងវប្បធម៌ឱ្យបានល្អ ដើម្បីធ្វើឱ្យការសាងសង់ទីក្រុងទំនើប មានលក្ខណៈលេចធ្លោនិងអស្ចារ្យ៕

វិទ្យុមិត្តភាពកម្ពុជាចិន