(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីនបានបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសវៀតណាម។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោកបានអះអាងថា លោកមានការ“ព្រួយបារម្ភ”ចំពោះវិវាទអធិបតេយ្យភាពរវាងហ្វីលីពីននិងចិន ។ តាមការផ្សាយដំណឹងជាសាធារណៈឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីននិងវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ពីរច្បាប់ ដោយឯកភាពគ្នាក្នុងការបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នា និងបង្កើតគណៈកម្មាធិការកងឆ្មាំសមុទ្រចម្រុះ។ អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា ហ្វីលីពីនគឺចង់យកបញ្ហាសន្តិសុខធ្វើជាលេស ក្នុងន័យបង្កើត “ក្រុមសម្ព័ន្ធតូច”ដែលសំដៅចំពោះប្រទេសចិននៅតំបន់សមុទ្រចិនខាងត្បូង ដើម្បីដាក់សម្ពាធកាន់តែខ្លាំងទៅលើប្រទេសចិន។

ចាប់ពីឆ្នាំ២០២៣មក ហ្វីលីពីនក៏បានបង្ករឿងហេតុជាបន្តបន្ទាប់លើបញ្ហាសមុទ្រចិនខាងត្បូងដែរ។ ពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានទម្លាក់សម្ភារៈពីលើអាកាសទៅដល់នាវាចម្បាំងដែល “ចតចោល”ដោយខុសច្បាប់ ហើយចាត់បញ្ជូនមនុស្សសម្រុក ចូលថ្មប៉ប្រះទឹកកោះ Huangyan ដោយខុសច្បាប់។ ឥឡូវនេះ ហ្វីលីពីនក៏ញុះញង់ឱ្យប្រទេសអាស៊ានផ្សេងទៀតបង្កើត “ក្រុមសម្ព័ន្ធតូច”។ តើការធ្វើបែបនេះគឺដើម្បីអ្វីដែរ?

ចាប់ពីឆ្នាំមុនមក សហរដ្ឋអាមេរិកបានពន្លឿនការជំរុញអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” ដោយបង្កើនការដាក់សម្ពាធនិងទាក់ទាញ បញ្ឆោតដោយផលប្រយោជន៍ចំពោះរដ្ឋាភិបាលហ្វីលីពីនអាណត្តិនេះ ។ ទន្ទឹមនឹងនេះ តាមទិន្នន័យនៃអង្គការ Pulse Asia ដែលជាអង្គការស្ទង់ប្រជាមតិរបស់ហ្វីលីពីន បានបង្ហាញឱ្យដឹងថា ប្រជាជនចំនួន៧៣ភាគរយមិនពេញចិត្ត ចំពោះការគ្រប់គ្រងអតិផរណានៃរដ្ឋាភិបាលហ្វីលីពីនទេ។ ក្រោមកម្លាំងសម្ពាធបែបនេះ លោក Marcos មានបំណងផ្ទេរទំនាស់ក្នុងស្រុក តាមរយៈការឃោសនាបំប៉ោងពីការគំរាមកំហែងពីខាងក្រៅ ក្នុងន័យពង្រឹងឋានៈកាន់អំណាចរបស់ខ្លួន។

មួយផ្នែកបង្ករឿងហេតុលើបញ្ហាសមុទ្រចិនខាងត្បូង មួយផ្នែកទៀតប៉ុនប៉ងបង្កើត “ក្រុមសម្ព័ន្ធតូច”។ ក្រោមការបញ្ជារបស់សហរដ្ឋអាមេរិក ហ្វីលីពីនបានប្រើឧបាយកលប្រឆាំងនឹងប្រទេសចិនជាច្រើន។ ក្រៅពីនេះ រដ្ឋាភិបាលហ្វីលីពីនក៏បានប្រញាប់អូសទាញ ប្រទេសផ្សេងទៀត ឱ្យបង្កើនសិទ្ធិបញ្ចេញមតិក្នុងវិស័យ “ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង” ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់គំនិតផ្តួចផ្តើម ខុសច្បាប់របស់ខ្លួន។ កាលពីខែវិចិ្ឆកាឆ្នាំមុន លោក Marcos បានអះអាងថា លោកបានប្រាស្រ័យទាក់ទងជាមួយប្រទេសវៀតណាម និងម៉ាឡេស៊ីជាដើម ដោយរំពឹងថា នឹងបង្កើតក្រមប្រតិបត្តិដោយឡែកថ្មីអំពីសមុទ្រចិនខាងត្បូង។ ឥស្សរជនវិភាគបានលើកឡើងថា ហ្វីលីពីនធ្វើអ៊ីចឹង គឺដើម្បីរួមជាមួយប្រទេសផ្សេងទៀត ដាក់សម្ពាធទៅលើប្រទេសចិន ក៏ដូចជាបង្កើនសមត្ថភាពប្រកួតប្រជែង ជាមួយប្រទេសចិន។

គោលបំណងរបស់ហ្វីលីពីនគឺច្បាស់លាស់ណាស់ តែទង្វើគឺប្រកបដោយគ្រោះថ្នាក់ តាមពិតទៅ ហ្វីលីពីនបានធ្វើឱ្យបញ្ហាទ្វេភាគី ប្រែក្លាយទៅជាបញ្ហាពហុភាគី។ ជាយូរណាស់មកហើយ ចិននិងប្រទេសអាស៊ានបានស្វែងរកដំណោះស្រាយវិវាទ តាមរយៈកិច្ចសន្ទនាពិគ្រោះពិភាក្សា និងអភិវឌ្ឍន៍ជាមួយគ្នា ហើយប្រកាន់ខ្ជាប់ការស្វែងរកដំណោះស្រាយវិវាទ ដោយសន្តិវិធីជាមួយសាមីភាគីដោយផ្ទាល់ តាមរយៈការពិគ្រោះពិភាក្សាដោយមេត្រីភាព។ ដើម្បីផលប្រយោជន៍របស់ខ្លួន និងប្រទេសក្រៅតំបន់នេះ ហ្វីលីពីនប៉ុនប៉ងបង្កើត “ក្រុមសម្ព័ន្ធតូច” ដែលសំដៅចំពោះប្រទេសចិន នេះមិនត្រឹមតែនាំឱ្យវិវាទមានភាពកាន់តែស្មុគ្រស្មាញ និងមានក្របខណ្ឌកាន់តែធំប៉ុណ្ណោះទេ ថែមទាំងក៏បំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរួម របស់ប្រទេសក្នុងតំបន់នៅកាលពីមុននេះផងដែរ។

តាំងពីយូរលង់មកហើយ កោះ Huangyan និងថ្មប៉ប្រះទឹក Ren ai គឺជាទឹកដីរបស់ចិន។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅនេះ ប្រឈមមុខនឹងការបង្ករឿងហេតុម្តងហើយម្តងទៀតរបស់ភាគីហ្វីលីពីន ភាគីចិនបានបង្ហាញពីការអត់ធ្មត់យ៉ាងខ្លាំង ។ ឥឡូវនេះ ហ្វីលីពីនប្រថុយប្រថានម្តងហើយម្តងទៀត ប៉ុនប៉ងធ្វើឱ្យបញ្ហាទ្វេភាគីកាន់តែរីកធំ នេះវាមានតែនឹងបំផ្លាញផលប្រយោជន៍ យូរអង្វែងរបស់ខ្លួនទៅវិញ។ បើប្រញាប់ដកដៃជាបន្ទាន់ នៅមិនទាន់ហួសពេលទេ៕

អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន