(ប៉េកាំង)៖ ថ្ងៃទី២ ខែកុម្ភៈ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានផ្ញើលិខិតអបអរសាទរចំពោះពិធីសម្ពោធបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-អាស៊ាន ២០២៤»។
លោក Li Qiangបានថ្លែងថា ប្រទេសចិននិងប្រទេសអាស៊ានមានទឹកភ្នំតភ្ជាប់គ្នា វប្បធម៌ស្រដៀងគ្នា ទំនាក់ទំនងមេត្រីភាពមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ។ ភាគីទាំងពីរបានរួមគ្នាបង្កើតឡើង នូវវប្បធម៌អាស៊ីដ៏សម្បូរបែបនិងចម្រុះពណ៌ ដែលបានក្លាយទៅជាមរតកនៃអរិយធម៌ដ៏ត្រចះច្រង់។ តាំងពីបុរាណកាលមក តំបន់អាស៊ីអាគ្នេយ៍គឺជាចំណងសំខាន់នៃផ្លូវសូត្រលើសមុទ្រ ដំណើរត្រាច់ចរតាមនាវារយៈពេលប្រាំពីរលើក តាមផ្លូវសមុទ្ររបស់នាវាចចិនលោក Zheng He បានចាររឿងរ៉ាវប្រវត្តិសាស្ត្រដ៏ល្អៗស្តីពីការផ្លាស់ប្តូរមិត្តភាព និងការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងចិននិងក្នុងតំបន់។ បច្ចុប្បន្ន ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអាស៊ានកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ ខណៈកិច្ចសហប្រតិបត្តិការគ្រប់វិស័យក៏ទទួលបាន សមទ្ធិផលច្រើនសន្ធឹកផងដែរ ហើយការកសាងសហគមន៍រួមវាសនាចិន-អាស៊ានបន្តបោះជំហានថ្មីដោយឥតឈប់ឈរ។
លោក Li Qiang បានបន្តទៀតថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ការអភិរក្សមិត្តភាពរវាងចិននិងអាស៊ាន មានស្ថិរភាពរៀងរហូត ចាំបាច់ត្រូវពង្រឹងមូលដ្ឋានក្នុងសង្គមស៊ីវិល នៃទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងនាំ។ ភាគីចិនសង្ឃឹមរួមខិតខំជាមួយបណ្តាប្រទេសអាស៊ាន ចាត់ទុក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-អាស៊ាន ២០២៤» ជាកាលានុវត្តភាព ពួតដៃគ្នាអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីផ្សព្វផ្សាយនូវទស្សនៈគុណតម្លៃអាស៊ី ដែលចាត់ទុកសន្តិភាព កិច្ចសហប្រតិបត្តិការ បរិយាប័ន្ន និងចុះសម្រុងគ្នាជាស្នូល ជំរុញឱ្យប្រជាជនចំនួនលើសពី ២ពាន់លាននាក់របស់ភាគីទាំងពីរ មានភាពកាន់តែស្និតស្នាល យោគយល់គ្នា រាប់អានគ្នា ស្រុះស្រួលគ្នា ដើម្បីបង្កើតសហគមន៍វាសនារួមចិន-អាស៊ាន កសាងមហាគ្រួសាររួមដែលប្រកបដោយសន្តិភាព សុខសានត្រាន វិបុលភាព ស្រស់ស្អាត និងមេត្រីភាព៕
វិទ្យុមិត្តភាពកម្ពុជាចិន