(វ៉ាស៉ូវី)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីប៉ូឡូញ បានប្រកាសថា លោកតែងតែមានការគាំទ្រឥតងាករេរហូតមកចំពោះអ៊ុយក្រែន បន្ទាប់ពីបានរងការរិះគន់សម្រាប់ការលើកឡើងថា រូបលោកមិនច្បាស់នោះឡើយ អំពីសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការដណ្តើមយកតំបន់គ្រីមៀពីរុស្ស៉ី មកគ្រប់គ្រងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ប៉ូឡូញគឺជាប្រទេសដែលបានផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់ទីក្រុងកៀវ ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ហើយទីក្រុងវ៉ាសូវីធ្លាប់បាននិយាយថា អ៊ុយក្រែនចាំបាច់ត្រូវដណ្តើមការគ្រប់គ្រងមកវិញ នៅទឹកដីទាំងអស់របស់ខ្លួន ដើម្បីរារាំង​កុំឱ្យរុស្ស៉ីហ៊ានធ្វើសកម្មភាពឈ្លានពាន នាពេលក្រោយទៀត។

កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានគូសបញ្ជាក់គោលជំហរបែបនោះដដែល ប៉ុន្តែនៅពេល​ត្រូវបានសាកសួរ តើរូបលោកមានការជឿជាក់ដែរឬទេ ថាអ៊ុយក្រែននឹងអាចមានសមត្ថភាព វាយយកតំបន់គ្រីមៀមកវិញ លោក Duda បានឆ្លើយតបយ៉ាងដូច្នេះថា «វាពិបាកសម្រាប់ខ្ញុំ ក្នុងការឆ្លើយសំណួរនេះ។ ខ្ញុំមិនច្បាស់ថា អ៊ុយក្រែននឹងអាចដណ្តើមការគ្រប់គ្រងមកវិញ​នៅតំបន់គ្រីមៀ ឬយ៉ាងណាឡើយ ប៉ុន្តែខ្ញុំជឿជាក់ថា អ៊ុយក្រែននឹងអាចយកតំបន់ Donetsk និង Luhansk មកវិញ»

លោកប្រធានាធិបតីប៉ូឡូញ បានបន្តថា ឧបទ្វីបគ្រីមៀដែលត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ពោលគឺ៨ឆ្នាំ ក្រោយសង្រ្គាមឈ្លានពាន គឺជាកន្លែងពិសេសមួយ ហើយក៏ដោយសារតែ ហេតុផលប្រវត្តិសាស្រ្តផងដែរ។ លោកបានបន្ថែមដូច្នេះថា «ដោយសារតាមពិតទៅ បើយើងនិយាយពីប្រវត្តិសាស្រ្ត គឺតំបន់នេះចំណាយពេលភាគច្រើន ស្ថិតក្រោមការកាន់កាប់របស់រុស្ស៉ី»

គួរបញ្ជាក់ថា ផ្នែកខ្លះនៃតំបន់ចំនួន៤ នៅភាគខាងកើតនិងខាងត្បូងអ៊ុយក្រេន រួមទាំង Donetsk និង Luhansk ក៏ត្រូវបានរុស្ស៉ីកាត់បញ្ជូលជា​ឧបសម្ព័ន្ធរបស់ខ្លួនផងដែរ អំលុងសង្រ្គាមឈ្លានពាន ខណៈអ៊ុយក្រែនបានប្តេជ្ញាថា នឹងដណ្តើមទឹកដីគ្រប់សង់ទីម៉ែត្រទាំងអស់មកវិញ រួមទាំងតំបន់គ្រីមៀ ក្នុងសង្រ្គាមជាមួយរុស្ស៉ី៕

រូបភាពពី Reuters