(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានបន្តការវាយប្រហារតាមផ្លូវអាកាសប្រឆាំងទៅលើ​គោលដៅក្រុមហ៊ូទី (Houthi) សរុបចំនួន៣៦គោលដៅ នៅប្រទេសយេម៉ែន ខណៈវាគឺជាថ្ងៃទី២ នៃការធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់​អាមេរិក ប្រឆាំងក្រុមដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ ក្រោយការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក កាលពីសប្តាហ៍មុន បណ្តាលឱ្យស្លាប់​ទាហាន៣នាក់ និងបង្កឱ្យរបួសជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងការពារជាតិអាមេរិក បាននិយាយថា ការវាយប្រហារថ្មីនេះ បានវាយចំមូលដ្ឋានស្តុកសព្វាវុធ មីស៉ីល ប្រព័ន្ធសម្រាប់បាញ់មីស៉ីល ព្រមទាំងសមត្ថភាពដទៃទៀត នៅទីតាំងសរុបចំនួន១៣កន្លែង ទូទាំងប្រទេសយេម៉ែន ដែលក្រុមហ៊ូទីបានប្រើប្រាស់ដើម្បីវាយប្រហារលើ កប៉ាល់ពាណិជ្ជកម្មនៅតំបន់សមុទ្រក្រហម។ ការបន្តវាយប្រហាររបស់អាមេរិកនិងអង់គ្លេសនៅយេម៉ែន គឺស្របពេលទីក្រុងវ៉ាស៉ីនតោន ចាប់ផ្តើមការធ្វើប្រតិបត្តិការយោធាសងសឹក ចំពោះការស្លាប់ទាហានអាមេរិក៣នាក់ ក្នុងការវាយប្រហារដោយយន្តហោះដ្រូននៅហ៊្សកដានី ក្រោមស្នាដៃក្រុមចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ យោធាអាមេរិកបានធ្វើសកម្មភាពសងសឹកជុំដំបូង ដោយវាយប្រហារតាមផ្លូវអាកាស លើទឹកដីស៉ីរីនិងអ៉ីរ៉ាក់ ប្រឆាំងគោលដៅសរុបជាង៨៥គោលដៅ ដែលជាប់ពាក់ព័ន្ធជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) ហើយនិងក្រុមចលនាប្រដាប់អាវុធ ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក។ មនុស្សជិត៤០នាក់ ត្រូវបានរាយការណ៍ថាស្លាប់ ក្នុងការវាយប្រហារនោះ។

គួរបញ្ជាក់ថា ខណៈទីក្រុងវ៉ាស៉ីនតោនបានចោទប្រកាន់ ក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ អំពីការវាយប្រហារលើកងទ័ពអាមេរិក នៅតាមមូលដ្ឋានក្នុងប្រទេសអ៉ីរ៉ាក់ ស៉ីរី និងហ៊្សកដានី ក្រុមហ៊ូទីដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ដែរនោះ ជាទូទៅបានកំណត់គោលដៅ​វាយប្រហារលើ កប៉ាល់ពាណិជ្ជកម្មនិងនាវាចម្បាំង​នៅសមុទ្រក្រហម។ ស្ថានការណ៍វិវត្តន៍ទាំងនេះ គឺជាសញ្ញាថ្មីចុងក្រោយ នៃការីករាលដាលជម្លោះនៅមជ្ឈិមបូព៌ា គិតចាប់តាំងពីការផ្ទុះឡើង នៃសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

រូបភាពពី Reuters