(សាន់ត្យាហ្គោ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីឈីលី លោក Gabriel Boric បានឱ្យដឹងថា ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ដែលកំពុងវាយលុកតំបន់ភាគកណ្តាលប្រទេសអាមេរិកខាងត្បូងមួយនេះ បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស៤៦នាក់ ហើយតួលេខ​ត្រូវបានអាជ្ញាធររំពឹងថា នឹងបន្តកើនឡើងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ផ្សែងខ្មៅបាននិងកំពុងគ្របដណ្តប់ផ្ទៃមេឃ នៅលើផ្នែកជាច្រើននៃតំបន់ Valparaiso ដែលជាតំបន់នៅភាគកណ្តាលឈីលី មានមនុស្ស​រស់នៅសរុបប្រហែលជិត១លាននាក់ ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ដែលប្រើប្រាស់ទាំងឧទ្ធម្ភាគចក្រនិងរថយន្តជាច្រើនគ្រឿង​ នៅតែ​ពិបាកក្នុងការគ្រប់គ្រងនិងពន្លត់ភ្លើងឆេះព្រៃនោះ។ លោក Boric បានប្រាប់ថា មនុស្ស៤០នាក់បានស្លាប់ ដោយសារភ្លើងឆេះព្រៃផ្ទាល់ ខណៈ៦នាក់ផ្សេងទៀត បានស្លាប់ក្នុងមន្ទីរពេទ្យ ដែលរងការឆាប​ឆេះ។

គិតត្រឹមពេលនេះ វាគឺជាការរីករាលដាលភ្លើងឆេះព្រៃ ដែលសម្លាប់មនុស្សច្រើនបំផុត នៅប្រទេសឈីលី ក្នុងពេល១ទសវត្សរ៍ចុងក្រោយ។ នៅទូទាំងប្រទេសអាមេរិកខាងត្បូងនេះមានទាំងមូល គឺកំពុងមានភ្លើងឆេះព្រៃសរុប៩២កន្លែងផ្សេងគ្នា ហើយផ្ទៃដីជាង៤៣,០០០ហិកតា បានរងការប៉ះពាល់។ បើតាមលោកប្រធានាធិបតីឈីលី ដោយសារតែស្ថានភាពធ្ងន់ធ្ងរបែបនេះ តួលេខអ្នកស្លាប់ ទំនងជានឹងបន្តកើនឡើងថែមទៀត។

គួរបញ្ជាក់ថា ករណីភ្លើងឆេះព្រៃមិនមែនជារឿងកម្រកើតមាននៅប្រទេសឈីលីឡើយ ខណៈកាលពីឆ្នាំមុន អំលុងបាតុភូតរលកកម្តៅខ្លាំង​បំបែកកំណត់ត្រា មនុស្សប្រមាណ២៧នាក់បានស្លាប់ ហើយផ្ទៃដីសរុបជាង៤០០,០០០ហិកតា បានរងការឆាបឆេះ៕

រូបភាពពី Reuters