(សេអ៊ូល)៖ នៅថ្ងៃសៅរ៍នេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសពីការកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងសេអ៊ូលដើម្បីសម្តែងការតវ៉ា ជុំវិញការរិះគន់របស់ទីក្រុងមូស្គូលើការអត្ថាធិប្បាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ស្តីពីការស្វែងរកអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាកងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Jung Byung-won អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការនយោបាយ បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី លោក Georgy Zinoviev ដើម្បីសង្កត់ធ្ងន់ប្រាប់ទីក្រុងមូស្គូថា ការរិះគន់លើការលើកឡើងរបស់លោក Yoon នឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូង ក្នុងពេលនោះលោកអនុរដ្ឋមន្ត្រី បាននិយាយថា វាពិតជាគួរឱ្យសោកស្តាយណាស់ដែលរុស្ស៉ីមិនអើពើនឹងការពិត និងការពារកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌ ហើយថែមទាំងបានរិះគន់ទៅលើការអត្ថាធិប្បាយរបស់ លោក Yoon ដោយប្រើប្រាស់ភាសាមិនសមរម្យទៀតផង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា លោក Yoon បានថ្កោលទោសការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដែលអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បានពិពណ៌នាថា មានលក្ខណៈលំអៀង និងគួរឱ្យស្អប់ខ្ពើម នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅប៉ុន្មានថ្ងៃបន្ទាប់៕

រូបភាពពី Reuters