(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរីប្រឆាំងគោលដៅជាង ៨៥ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) និងកងជីវពលដែលខ្លួនគាំទ្រ ជាការសងសឹកចំពោះការវាយប្រហារលើទាហានអាមេរិក ខណៈដែលមានសេចក្តីរាយការណ៍ថាមនុស្សជាង ៣០នាក់ត្រូវបានសម្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ការវាយប្រហារដែលរួមបញ្ចូលទាំងការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-1 រយៈចម្ងាយឆ្ងាយហោះហើរពីសហរដ្ឋអាមេរិក គឺជាលើកទីមួយក្នុងការឆ្លើយតបពហុកម្រិតពីសំណាក់រដ្ឋបាល លោក ចូ បៃដិន ចំពោះការវាយប្រហាររបស់សកម្មប្រយុទ្ធដែលគាំទ្រដោយអ៉ីរ៉ង់ កាលពីសប្តាហ៍មុន។ មានការរំពឹងទុកថា ប្រតិបត្តិការយោធាអាមេរិកបន្ថែមទៀតនឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខ។ បើតាមប្រធាកងកម្លាំងរួម លោកឧត្តមសេនីយ៍ Douglas Sims ការវាយប្រហារនេះហាក់ដូចជាទទួលបានជោគជ័យ ដោយបង្កឱ្យមានការផ្ទុះជាបន្តបន្ទាប់ ខណៈគ្រាប់បែកត្រូវចំអាវុធរបស់ក្រុមសកម្មប្រយុទ្ធ ហើយទំនងជាមានអ្នកស្លាប់ និងរងរបួស។
ក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Nasser Kanaani បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកតំណាងឱ្យ «កំហុសផ្សងព្រេង និងជាយុទ្ធសាស្ត្រមួយអាចបង្កភាពតានតឹងដែលកំពុងមានស្រាប់នៅក្នុងតំបន់»។ អ៉ីរ៉ាក់ក៏បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកផងដែរ ដោយនិយាយថាមនុស្ស ១៦នាក់រួមទាំងជនស៉ីវិល ត្រូវបានសម្លាប់។ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៉ីរី និងជាអង្គការតាមដានសង្គ្រាមនៅទីនោះ បានឲ្យដឹងថា ការវាយប្រហារបានសម្លាប់មនុស្ស ២៣នាក់ ដែលជាអ្នកយាម។
គួរបញ្ជាក់ថា នេះជាការវាយប្រហារដែលបានធ្វើឱ្យជម្លោះក្នុងតំបន់កាន់តែកើនឡើង ចាប់តាំងពីផ្ទុះសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសនៅហ្គាហ្សា៕
រូបភាពពី Reuters