(ដាម៉ាស)៖ ទីក្រុងដាម៉ាស នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈនេះបាននិយាយថាការកាន់កាប់របស់សហរដ្ឋអាមេរិក លើទឹកដីស៊ីរី មិនអាចបន្តទៅទៀតបាននោះទេ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បើកការវាយប្រហារតាមផ្លូវអាកាសលើកងកម្លាំងអ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ជាការសងសឹក ទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូនសម្លាប់ទាហានអាមេរិក ៣នាក់ ក្នុងប្រទេសហ្ស៊កដានី កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាស៊ីរី បានគូសបញ្ជាក់ដូច្នេះថា «ការវាយប្រហារតាមផ្លូវអាកាសកាលពីយប់ថ្ងៃសុក្រ បានសម្លាប់ជនស៊ីវិល និងទាហាន មួយចំនួន ព្រមទាំងបណ្ដាលឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស ហើយទ្រព្យសម្បត្តិរដ្ឋ និងស៊ីវិលមួយចំនួនរងការខូចខាតយ៉ាងដំណំ»។ យោធាស៊ីរីបន្ថែមថា ការកាន់កាប់ផ្នែកខ្លះនៃទឹកដីស៊ីរីដោយកងកម្លាំងអាមេរិក មិនអាចបន្តទៅទៀតបានឡើយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានបើកការវាយប្រហារតាមផ្លូវអាកាស លើកងកម្លាំងអ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយ ទីក្រុងតេហេរ៉ង់ នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ជាការសងសឹកទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូនដែលបានសម្លាប់ទាហានអាមេរិក ៣នាក់ នៅក្នុង ប្រទេសហ្ស៊កដានី កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ការវាយប្រហារនេះដែរ បានកំណត់លើគោលដៅចំនួន ៨៥ ក្នុងនោះរួមមានទីបញ្ជាការគ្រប់គ្រង និងមូលដ្ឋានស៊ើបការណ៍ រួមទាំង ឃ្លាំងស្ដុក គ្រាប់រ៉ុក្កែត មីស៊ីល និងយន្ដហោះដ្រូនដែលជាកម្មសិទ្ធិរបស់កងកម្លាំងអ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយ អ៉ីរ៉ង់ក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់៕

រូបភាពពី AFP