(ហ្សឺណែវ)៖ រូបភាពផ្កាយរណដែលត្រូវបានវិភាគដោយមជ្ឈមណ្ឌលផ្កាយរណបអង្គការសហប្រជាជាតិ បានបង្ហាញថា៣០ភាគរយនៃអគារក្នុងតំបន់ហ្កាហ្សា ត្រូវបានបំផ្លាញ ឬរងការខូចខាត នៅក្នុងការវាយប្រហារពីសំណាក់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សា ការវាយប្រហាររបស់អ៉ីស្រាអែល ដែលបានធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស លើភាគខាងត្បូង អ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៧,០០០នាក់ហើយ ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ។ ការទម្លាក់គ្រាប់បែក នេះទៀតសោតបានបំផ្លាញធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយផ្នែកធំផងដែរ។

ជាក់ស្ដែង បើតាមមជ្ឈមណ្ឌលផ្កាយរណបអង្គការសហប្រជាជាតិ ឬហៅកាត់ ថា UNOSAT គិតជាសរុបមកទល់នឹងពេលនេះ អគារ និងផ្ទះ ៦៩,១៤៧ខ្នង ឬស្មើនឹងជាង ៣០ភាគរយនៃអគារក្នុងតំបន់ហ្កាហ្សាត្រូវបានបំផ្លាញ ឬរងការខូចខាត។ ក្នុងចំណោមអគារទាំងនេះ មានអគារ ២២,១៣១ខ្នងត្រូវបានកម្ទេច ទាំងស្រុង ខណៈ ១៤,០០៦ខ្នងរងការខូចខាតធ្ងន់ធ្ងរ និង៣២,០៥០ រងការខូចខាតគួរសម។

គួរបញ្ជាក់ថា រូបភាពផ្កាយរណបរបស់ UNOSAT ត្រូវបានថតនៅចន្លោះពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមករាកន្លងទៅនេះ៕