(សៀងហៃ)៖ ចិន នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈនេះបាននិយាយថាទូកស៊ីវិលខ្នាតតូចមួយគ្រឿងរបស់ហ្វីលីពីន បានចូលចតដោយខុសច្បាប់នៅឆ្នេរនៃទីប្រជុំកោះមួយ ក្នុងសមុទ្រចិនខាងត្បូង ជាទីដែលប្រទេសទាំង២ កំពុងអះអាងពីអធិបតេយ្យគ្រប់គ្រងរៀងៗខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឆ្មាំសមុទ្រចិន បានឱ្យដឹងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម WeChat ទៀតថាទូកខាងលើបានចូលចតនៅឯទីប្រជុំកោះ Spratly កាលពីថ្ងៃសុក្រ ដោយមានគោលបំណងធ្វើបេសកកម្មផ្គត់ផ្គង់។ ហ្វីលីពីន បានដាក់ពង្រាយកងទ័ពមួយចំនួនតូច ឱ្យឈរជើងនៅលើខ្មោចនាវាចម្បាំងមួយគ្រឿង សល់ពីសម័យសង្រ្គាមលោកលើកទី២ ក្នុងឆ្នាំ១៩៩៩ ដើម្បីជាការបញ្ជាក់ពីដែនអធិបតេយ្យរបស់ខ្លួនលើតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ឬហៅជាភាសាហ្វីលីពីថា Ayungin និងហៅជាភាសាចិនថា Renai។

គួរបញ្ជាក់ថា ទីក្រុងម៉ានីល បានច្រានចោលសំណើរបស់ទីក្រុងប៉េកាំងកាលពីឆ្នាំមុន ឱ្យដកខ្មោចនាវាចម្បាំងនោះចេញ ដែលនេះបានបង្កឱ្យមានភាពតានតឹង ក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។ ចិនបានអះអាងពីដែនអធិបតេយ្យគ្រប់គ្រងស្ទើរតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូង ក្នុងនោះរួមមានទាំងតំបន់ទាមទារ អធិបតេយ្យដោយវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងឥណ្ឌូណេស៊ី៕