(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្វាគមន៍ការមកដល់កាលពីថ្ងៃសុក្រ នូវប្រព័ន្ធការពារដែនអាកាសថ្មីចំនួន ២គ្រឿង ដែលលោកផ្ទាល់អះអាងថា អាចបាញ់ទម្លាក់អ្វីៗគ្រប់យ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ហ្សេលេនស្គី ក៏បាននិយាយដែរថាលោក និងមេបញ្ជាការកំពូលៗរបស់លោកបានពិភាក្សាគ្នាពីសមរភូមិសង្រ្គាមប្រវែង ១០០០គីឡូម៉ែត្រជាមួយរុស្ស៉ី ជាមួយ ការលើកឡើងពីស្ថានការណ៍ដ៏លំបាកនៅក្នុងទីក្រុង Avdiivka។ ប៉ុន្តែ ក្នុងសុន្ទរកថាជាវីដេអូមួយកាលពីថ្ងៃសុក្រ លោកប្រធានាធិបតីអ៊ុយក្រែនមិនបានបញ្ជាក់លម្អិត ពីប្រព័ន្ធការពារដែនអាកាសថ្មីដែលអ៊ុយក្រែនទទួលបាននោះទេ ដោយគ្រាន់តែលើកឡើងថាប្រព័ន្ធការពារដែនអាកាសទាំងនោះអាចបាញ់ទម្លាក់អ្វីៗគ្រប់យ៉ាង។

គួរបញ្ជាក់ថា បច្ចុប្បន្ន ការពង្រឹងប្រព័ន្ធការពារដែនអាកាស គឺជាអាទិភាពដ៏សំខាន់មួយរបស់អ៊ុយក្រែន ដើម្បីការពារទីក្រុងរបស់ខ្លួនពីការវាយប្រហារដោយមីស៊ីល និងយន្ដហោះដ្រូនពីសំណាក់រុស្ស៉ី។ នាពេលកន្លងមក លោក ហ្សេលេនស្គី ក៏ធ្លាប់បានកោតសរសើរផងដែរពីសមត្ថភាពប្រព័ន្ធការពារដែនអាកាសអាមេរិក Patriot ដែលកំពុងដើរតួនាទីយ៉ាងខ្លាំងក្នុងការបាញ់ទម្លាក់មីស៊ីលគ្រប់ប្រភេទរបស់រុស្ស៉ី៕

រូបភាពពី Reuters