(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាសហរដ្ឋអាមេរិក មិនចង់មានសង្រ្គាមជាមួយអ៉ីរ៉ង់នោះទេ បន្ទាប់ពី សហរដ្ឋអាមេរិក ចាប់ផ្ដើមបើកការវាយប្រហារតាមផ្លូវអាកាសលើកងកម្លាំងអ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយតេហេរ៉ង់ នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក ឬហៅកាត់ថា CENTCOM នៅក្នុងការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃសុក្រ ទី២ ខែកុម្ភៈ សហរដ្ឋអាមេរិក បានប្រើប្រាស់គ្រាប់បែកកំណត់គោលដៅជាក់លាក់ ១២៥គ្រាប់ លើគោលដៅចំនួន ៨៥ ក្នុងនោះរួមមានទីបញ្ជាការគ្រប់គ្រង និងមូលដ្ឋានស៊ើបការណ៍ រួមទាំងឃ្លាំងស្ដុកគ្រាប់រ៉ុក្កែត មីស៊ីល និងយន្ដហោះដ្រូនដែលជាកម្មសិទ្ធិរបស់កងកម្លាំងអ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់។
ការវាយប្រហារនេះដែរគឺជាការសងសឹកទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូនដែលបានសម្លាប់ទាហានអាមេរិក ៣នាក់ នៅក្នុងប្រទេសហ្ស៊កដានី កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដែលសហរដ្ឋអាមេរិកចោទថាជាស្នាដៃរបស់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់។ ប៉ុន្តែ បានសម្រេចចិត្តមិនបើកការវាយប្រហារលើ ទឹកដីអ៉ីរ៉ង់ដោយផ្ទាល់នោះទេ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមកំញើញ និងទប់ស្កាត់កុំឱ្យសង្រ្គាមជាមួយអ៉ីរ៉ង់ ដែលអាចនឹងក្លាយជាសង្រ្គាមក្នុង តំបន់មជ្ឈិមបូព៌ាទាំងមូលផ្ទុះឡើង។ ចំណែក អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា សហរដ្ឋអាមេរិកមិនមែនកំពុងសម្លឹងរកការធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់នោះទេ។
យ៉ាងណាក៏ដោយ ការវាយប្រហារសងសឹករបស់សហរដ្ឋអាមេរិកបានបង្កឱ្យមានការព្រួយបារម្ភរឹតតែខ្លាំងពីការកើនឡើងភាពតានតឹងនៅក្នុងតំបន់ ដ្បិតវាអាចនឹង បង្កើតជាវដ្ដសងសឹកដាក់គ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ លោក បៃដិន ក៏បានអះអាងដែរថាសហរដ្ឋអាមេរិកមិនមែនកំពុងចង់ធ្វើសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា ឬក៏កន្លែងផ្សេងទៀតនៅលើពិភពលោកឡើយ។ ប៉ុន្តែ លោកបានព្រមានថាសហរដ្ឋអាមេរិកនឹងសងសឹកជាដាច់ខាត ចំពោះរាល់ការវាយប្រហារលើកងទ័ពអាមេរិក៕
រូបភាពពី Reuters