(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានបើកការវាយប្រហារតាមផ្លូវអាកាស លើកងកម្លាំងអ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយ ទីក្រុងតេហេរ៉ង់ នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ជាការសងសឹកទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូនដែលបានសម្លាប់ទាហានអាមេរិក ៣នាក់ នៅក្នុង ប្រទេសហ្ស៊កដានី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។

សហរដ្ឋអាមេរិកបានចោទប្រកាន់ថាការវាយប្រហារដោយយន្ដហោះដ្រូនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន គឺជាស្នាដៃរបស់ចលនាប្រដាប់អាវុធគាំទ្រអ៉ីរ៉ង់។ ប៉ុន្តែ បានសម្រេចចិត្តមិនបើកការវាយប្រហារលើទឹកដីអ៉ីរ៉ង់ដោយផ្ទាល់នោះទេ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមកំញើញ និងទប់ស្កាត់កុំឱ្យសង្រ្គាមជាមួយអ៉ីរ៉ង់ ដែលអាចនឹងក្លាយជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលផ្ទុះឡើង។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ការសងសឹករបស់យើងបានចាប់ផ្ដើមហើយនៅថ្ងៃនេះ ហើយ នឹងបន្តធ្វើឡើងលើគោលដៅដែលយើងជាអ្នកកំណត់»។ យ៉ាងណាក៏ដោយ លោក បៃដិន បានអះអាងថាសហរដ្ឋអាមេរិកមិនមែនកំពុងចង់ធ្វើសង្រ្គាមក្នុងតំបន់ មជ្ឈិមបូព៌ា ឬក៏កន្លែងផ្សេងទៀតនៅលើពិភពលោកឡើយ។ ប៉ុន្តែ លោកបានព្រមានថាសហរដ្ឋអាមេរិកនឹងសងសឹកជាដាច់ខាត ចំពោះរាល់ការវាយប្រហារលើ កងទ័ពអាមេរិក។

គួរបញ្ជាក់ថា បើតាមទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក ឬហៅកាត់ថា CENTCOM នៅក្នុងការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក បានប្រើប្រាស់គ្រាប់បែកកំណត់គោលដៅជាក់លាក់ ១២៥គ្រាប់ លើគោលដៅចំនួន ៨៥ ក្នុងនោះរួមមានទីបញ្ជាការគ្រប់គ្រង និងមូលដ្ឋានស៊ើបការណ៍ រួមទាំង ឃ្លាំងស្ដុក គ្រាប់រ៉ុក្កែត មីស៊ីល និងយន្ដហោះដ្រូនដែលជាកម្មសិទ្ធិរបស់កងកម្លាំងអ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់៕

រូបភាពពី AFP