(ប្រ៊ុចសែល)៖ ប្រទេសបែលហ្សិកនៅថ្ងៃសុក្រសប្តាហ៍នេះ បានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បន្ទាប់ពីការទម្លាក់គ្រាប់បែកលើអគារទីភ្នាក់ងារអភិវឌ្ឍន៍របស់ខ្លួន នៅទីក្រុង Gaza ហើយបាននិយាយថា បែលហ្ស៊ិកមានបំណងទាមទារសំណងលើបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក លោកស្រី Hadja Lahbib បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដូច្នេះថា «ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការបំពានគោលការណ៍នៃច្បាប់មនុស្សធម៌អន្តរជាតិ។ ភាគីទាំងអស់ត្រូវតែប្រកាន់ខ្ជាប់»។
ក្រសួងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រទេសបែលហ្សិក បាននិយាយថា ខ្លួនមិនបានដឹងពីការស្លាប់ និងរបួសរបស់ជនស៊ីវិលណាមួយឡើយ ហើយអគារដែលខ្លួនចែករំលែកជាមួយអង្គការ Handicap International គួរតែគ្មាននរណាម្នាក់នៅខាងក្នុងទេ នៅពេលមានការទម្លាក់គ្រាប់បែក។ ក្រសួងបាននិយាយថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលបានសន្យាថា នឹងធ្វើការស៊ើបអង្កេតមួយ។
ក្រសួងការបរទេសបានបន្ថែម នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បែលហ្សិកនឹងលើកឡើងពីបញ្ហាសំណង សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ដែលផ្តល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួន ទៅក្នុងរបៀបវារៈនៃការពិគ្រោះយោបល់អឺរ៉ុបបន្ទាប់»។
គេមិនដឹងច្បាស់ទេថា អគារនេះត្រូវបានបំផ្ទុះនៅពេលណានោះទេ។ ប៉ុន្តែអ្នកនាំពាក្យបាននិយាយថា ប្រទេសបែលហ្សិកបានដឹងពីឧប្បត្តិហេតុនេះកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយសង្ស័យថាវាបានកើតឡើងនៅថ្ងៃពុធ។
ក្រសួងការបរទេសបែកហ្សែកក៏បានរំលឹកឡើងវិញ នូវការអំពាវនាវរបស់ខ្លួនឱ្យមានបទឈប់បាញ់មនុស្សធម៌យូរអង្វែងនៅហ្គាហ្សា ការបន្តដំណើរការសន្តិភាព និងការចរចានយោបាយដែលអាចនាំទៅរកដំណោះស្រាយរដ្ឋពីរ ដែលជា «ផ្លូវតែមួយគត់ដើម្បីចេញពីជម្លោះនេះ»។ បែលហ្ស៊ិក ធ្លាប់បានរិះគន់ការដោះស្រាយជម្លោះរបស់អ៊ីស្រាអែល៕
រូបភាពពី Reuters