(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi នាថ្ងៃសុក្រនេះ បានចេញមុខនិយាយថា ប្រទេសរបស់លោក នឹងមិនទៅផ្តើមសង្រ្គាមជាមួយប្រទេសណាឡើយ ប៉ុន្តែលោកបានព្រមានថា នឹងឆ្លើយតបយ៉ាងរឹងមាំចំពោះអ្នកទាំងឡាយ ដែលព្យាយាមធ្វើទុក្ខបុកម្នេញមកលើអ៉ីរ៉ង់មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤។
ការលើកឡើងដូចខាងលើរបស់លោក Raisi គឺចំពេលដែលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការរង់ចាំមើលថា តើទីក្រុងវ៉ាស៉ីនតោន ប្រហែលនឹងប្រើចំណាត់ការសងសឹកវិញបែបណា បន្ទាប់ពីទាហានអាមេរិក៣នាក់ បានស្លាប់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្នុងការវាយប្រហារលើមូលដ្ឋានរបស់ពួកគេ នៅប្រទេសហ៊្សកដានី ពីសំណាក់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៉ីរ៉ង់។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សារព័ត៌មាន CBS News ដែលផ្អែកលើប្រភពពីក្រុមមន្រ្តីអាមេរិក បានរាយការណ៍ថា សហរដ្ឋអាមេរិកបានអនុម័តផែនការ ស្តីពីការវាយប្រហាររយៈពេលជាច្រើនថ្ងៃ នៅប្រទេសអ៉ីរ៉ាក់និងស៉ីរី ប្រឆាំងគោលដៅជាច្រើន ក្នុងនោះនឹងរួមមានទាំងកងកម្លាំងនិងមូលដ្ឋានរបស់អ៉ីរ៉ង់ នៅប្រទេសទាំងពីរ។
គួរបញ្ជាក់ថា បើតាមប្រភពដែល Reuters ទទួលបាន សហរដ្ឋអាមេរិកបានវាយតម្លៃថា យន្តហោះដ្រូនវាយប្រហារ ដែលបានសម្លាប់ទាហានខ្លួន៣នាក់ និងបង្កឱ្យរបួសជាង៤០នាក់ផ្សេងទៀតនោះ គឺត្រូវបានផលិតដោយអ៉ីរ៉ង់។ ជាមួយគ្នានេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ត្រូវគេរាយការណ៍ថា កំពុងតែដកសមាជិកជាន់ខ្ពស់របស់ខ្លួន ចេញពីប្រទេសស៉ីរី។ អ៉ីរ៉ង់បានចាត់ជំនាញការ ឱ្យទៅជួយគាំទ្រក្រុមប្រដាប់អាវុធ ទាំងនៅអ៉ីរ៉ាក់ ជាទីដែលអាមេរិក មានកងទ័ពប្រមាណ២,៥០០នាក់ និងនៅស៉ីរី ជាទីដែលអាមេរិកមានទាហាន៩០០នាក់៕
រូបភាពពី Reuters