(គូឡាឡាំពួ)៖ ក្រុមមន្ត្រីនិយាយថា ជនចំណាកស្រុកគ្មានឯកសារត្រឹមត្រូវមកពីមីយ៉ាន់ម៉ាម្នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈព្យាយាមរត់ចេញពីមណ្ឌលឃុំឃាំងអន្តោប្រវេសន៍នៅម៉ាឡេស៉ី ជាមួយនិងមនុស្សជាង ១០០នាក់ទៀត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ ២០២៤។

ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៉ី លោកឧត្តមសេនីយ៍ Ruslin Jusoh បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះថា ជនចំណាកស្រុកសរុប ១៣១នាក់បាននាំគ្នារត់ចេញពីមណ្ឌល Bidor ក្នុងរដ្ឋ Perak ភាគខាងលិចម៉ាឡេស៉ី កាលពីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។ ម្នាក់នៅក្នុងចំណោមពួកគេបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ហើយប្រតិបត្តិការតាមរកអ្នកលួចរត់កំពុងបន្ត។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ម៉ាឡេស៉ី ជនចំណាកស្រុកដែលបានរត់គេចពីប្លុកបុរសៗស្នាក់នៅក្នុងមណ្ឌលនោះ រួមមានជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន ១១៥នាក់ និងជនជាតិភាគតិចមីយ៉ាន់ម៉ាចំនួន ១៦នាក់ផ្សេងទៀត។

គួរបញ្ជាក់ថា នេះគឺជាឧបទ្ទវហេតុលើកទីពីរចេញពីមជ្ឈមណ្ឌលឃុំឃាំងរបស់ម៉ាឡេស៉ី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីខែមេសា ឆ្នាំ២០២២ ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន ៥៨២នាក់ពីមីយ៉ាន់ម៉ា ធ្លាប់បានរត់គេចពីមណ្ឌលអន្តោប្រវេសន៍មួយ នៅក្នុងរដ្ឋ Kedah ភាគខាងជើង៕

រូបភាពពី Reuters