(គូឡាឡាំពួ)៖ ក្រុមប្រឹក្សាលើកលែងទោសនៃប្រទេសម៉ាឡេស៉ី នាថ្ងៃសុក្រនេះ បានប្រកាសពីសេចក្តីសម្រេចកាត់បន្ថយពាក់កណ្តាល នូវរយៈពេលជាប់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្រ្តី លោក Najib Razak ដែលមានទោសពីបទប្រព្រឹត្តអំពើពុករលួយ និងលាងលុយកខ្វក់ ពាក់ព័ន្ធរឿងអាស្រូវមូលនិធិរដ្ឋ 1MDB។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រុមប្រឹក្សាខាងលើដែលមានព្រះមហាក្សត្រម៉ាឡេស៉ីគង់ជាប្រធាន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក Najib ដែលឥឡូវមានវ័យ៧០ឆ្នាំ និងកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ នឹងត្រូវដោះលែងឱ្យមានសេរីភាព នៅខែសីហា ឆ្នាំ២០២៨ ហើយប្រាក់ពិន័យលើរូបលោក ត្រូវបានកាត់បន្ថយមកនៅត្រឹម៥០លានរីងហ្គីត (១០.៥៩លានដុល្លារ) ខណៈកាលពីមុនគឺ២១០លានរីងហ្គីត។ យ៉ាងណាមិញ មិនមានការបញ្ជាក់មូលហេតុ នៅពីក្រោយការសម្រេចចចិត្តបន្ធូរបន្ថយទោសនេះឡើយ។
គួរបញ្ជាក់ថា លោក Najib ត្រូវបានតុលាការរកឃើញ មានទោសពីបទប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធទៅនឹងមូលនិធិរដ្ឋ 1Malaysia Development Berhad ហៅកាត់ 1MDB។ យោងតាមក្រុមអ្នកស៉ើបអង្កេតអាមេរិកនិងម៉ាឡេស៉ី លុយប្រមាណ៤.៥ពាន់លានដុល្លារ គឺបានបាត់ចេញពីមូលនិធិនោះ ហើយជាង១ពាន់លានដុល្លារ ត្រូវបានផ្ទេរចូលទៅកាន់គណនី ដែលមានទំនាក់ទំនងជាមួយលោក Najib។ លោក Najib Razak បានស្នើសុំការលើកលែងទោស ពីព្រះមហាក្សត្រម៉ាឡេស៉ី កាលពីខែសីហា ឆ្នាំ២០២២ គឺភ្លាមៗក្រោយតុលាការកំពូលម៉ាឡេស៉ី សម្រេចតម្កល់សាលក្រមកាត់ទោសរូបលោកឱ្យនៅដដែល ជាហេតុនាំឱ្យលោក Najib មានឈ្មោះជានាយករដ្ឋមន្រ្តីម៉ាឡេស៉ីដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត ដែលត្រូវជាប់ពន្ធនាគារ។ លោក Najib ក៏នៅជាប់ពាក់ព័ន្ធការចោទប្រកាន់មួយចំនួនទៀត ទាក់ទងនឹង 1MDB ផងដែរ៕
រូបភាពពី Reuters