(យ៉េរ៉េវ៉ាន់)៖ នាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan បាននិយាយនៅថ្ងៃសុក្រនេះថា អាមេនីអាចលែងអាចពឹងផ្អែកលើរុស្ស៉ី ក្នុងនាមជាដៃគូចម្បងរបស់ខ្លួន សម្រាប់វិស័យការពារជាតិនិងយោធាតទៀតហើយ ដោយសារតែត្រូវបានទីក្រុងមូស្គូធ្វើឱ្យខកចិត្តម្តងហើយម្តងទៀត ដូច្នេះនាពេលនេះ ទីក្រុងយ៉េរ៉េវ៉ាន់ចាំបាច់ត្រូវគិតងាកទៅផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក និងបារាំង ជាដើមវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ កុម្ភៈ ឆ្នាំ២០២៤។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅពេលត្រូវបានសាកសួរអំពី ការធ្វើកំណែទម្រង់កងកម្លាំងប្រដាប់អាវុធអាមេនី លោក Pashinyan បាននិយាយយ៉ាងដូច្នេះថា «យើងត្រូវស្វែងយល់ឱ្យច្បាស់ថា អ្នកណាដែលយើង អាចរក្សាទំនាក់ទំនងយោធា-បច្ចេកទេស និងការពារជាតិ​ជាមួយបាន។ កាលពីមុន បញ្ហានេះគឺជារឿងសាមញ្ញ ព្រោះទំនាក់ទំនងការពារជាតិរបស់យើងស្ទើរទាំងស្រុង គឺជាមួយសហព័ន្ធរុស្ស៉ី។ ប៉ុន្តែឥឡូវ វាមិនអាចបែបនោះទៀតឡើយ»។ លោក Pashinyan បានបន្ថែមថា នាពេលនេះ អាមេនីគួរតែគិតគូរពីរូបរាងនៃទំនាក់ទំនងផ្នែកសន្តិសុខ ដែលខ្លួនគួរកសាងឡើងជាមួយសហរដ្ឋអាមេរិក បារាំង ឥណ្ឌា និងហ្សកហ្ស៉ី ជាដើម។

គួរបញ្ជាក់ថា អាមេនីដែលជាអតីតសាធារណរដ្ឋសូវៀត មានព្រំប្រទល់ជាប់អាស៊ែបៃហ្សង់ ហ្សកហ្ស៉ី អ៉ីរ៉ង់ និងតួកគី គឺជាយូរមកហើយបានពាក់ផ្អែកលើរុស្ស៉ី ធ្វើជាខ្នងបង្អែកមហាអំណាចរបស់ខ្លួន ប៉ុន្តែលោក Pashinyan បានធ្វើឱ្យវិមានក្រឹមឡាំងខឹងសម្បារ តាមរយៈ​ការចោទសួរមូលដ្ឋានគ្រឹះនៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។

លោក Pashinyan និយាយថា រុស្ស៉ីបានធ្វើឱ្យអាមេនីខកបំណងខ្លាំង នៅពេលដែលអាស៊ែបៃហ្សង់ បើកប្រតិបត្តិការយោធាផ្លេកបន្ទោរ ដែលបានដណ្តើមការគ្រប់គ្រងមកវិញលើ តំបន់ផ្តាច់ខ្លួន Nagorno-Karabakh ជាហេតុបង្កឱ្យមានលំហូរភៀសខ្លួនចេញ នៃជនជាតិដើមអាមេនីដែលរស់នៅទីនោះ។ យ៉ាងណាមិញ រុស្ស៉ីបានឆ្លើយតបវិញថា កត្តាអសមត្ថភាពរបស់លោក Pashinyan ផ្ទាល់ ទើបជាមូលហេតុពិតប្រាកដ សម្រាប់ភាពបរាជ័យ កាលពីឆ្នាំ២០២៣ របស់ក្រុមអ្នកប្រយុទ្ធតស៊ូជនជាតិអាមេនី នៅតំបន់ Karabakh៕

រូបភាពពី Reuters