(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងនាថ្ងៃសុក្រនេះ បានបន្តសកម្មភាពបាញ់តេស្តមីស៉ីលគ្រូសរបស់ខ្លួន សំដៅចូលសមុទ្រខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងតាមយោធាកូរ៉េខាងត្បូង គឺខ្លួនបានចាប់បាន សញ្ញានៃការធ្វើតេស្តមីស៉ីលគ្រូសមិនស្គាល់ប្រភេទលើសពី១គ្រាប់ កាលពីវេលាម៉ោង១១ព្រឹក (ម៉ោងក្នុងតំបន់) ចេញពីឆ្នេរភាគខាងលិចនៃប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់ផ្ទៃសមុទ្រ។ ទីក្រុងសេអ៊ូលបានបន្តថា ខ្លួនបានបង្កើនការឃ្លាំមើល ក្រោមកិច្ចសហការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងកំពុងតាមដានមើលសញ្ញា នៃការធ្វើសកម្មភាពបន្ថែមទៀត ដោយកូរ៉េខាងជើង។
ការធ្វើតេស្តនាថ្ងៃសុក្រនេះ កើតមានឡើងនៅរយៈពេល៣ថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៉ីលគ្រូសមួយប្រភេទ ហៅថា មីស៉ីលគ្រូសយុទ្ធសាស្រ្ត Hwasal-2។ ចំណែកកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនវិញ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដោយផ្ទាល់ នូវការធ្វើតេស្តបាញ់មីស៉ីល Pulhwasal-3-31 ២គ្រាប់ ចេញពីនាវាមុជទឹក ខណៈវាត្រូវបានអះអាងថា ជាមីស៉ីលគ្រូសយុទ្ធសាស្រ្តស៊េរីថ្មី។
គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅ ទីក្រុងព្យុងយ៉ាង ក៏បានប្រកាសពីការធ្វើតេស្ត ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹកថ្មីមួយ ព្រមទាំងមីស៉ីលបាលិស្ទីគល្បឿនលឿនជាងសំឡេង ដែលប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹងផងដែរ។ ផ្ទុយពីមីស៉ីលបាលិស្ទីគ ការធ្វើតេស្តមីស៉ីលគ្រូស គឺមិនស្ថិតក្រោមការដាក់ទណ្ឌកម្មបច្ចុប្បន្ន របស់អង្គការសហប្រជាជាតិ លើប្រទេសកូរ៉េខាងជើង នោះឡើយ៕
រូបភាពពី AFP