(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការអនុម័តរបស់សហភាពអឺរ៉ុប (EU) លើកិច្ចព្រមព្រៀងផ្តល់ជំនួយដ៏សំខាន់មួយសម្រាប់អ៊ុយក្រែន គឺជា «សញ្ញាច្បាស់លាស់» មួយដល់រុស្ស៉ី និងសហរដ្ឋអាមេរិក ដែលកំពុងជាប់គាំងលើកញ្ចប់ជំនួយនៅក្នុងសភា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ ២០២៤។

ថ្លែងសារជាវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «វាគឺជាសញ្ញាច្បាស់លាស់មួយដល់ទីក្រុងមូស្គូថា អឺរ៉ុបនឹងឈរយ៉ាងរឹងមាំ ហើយមិនអាចត្រូវបានបំបែកដោយរលកនៃការបំផ្លិចបំផ្លាញណាមួយ ដែលបង្កើតឡើងដោយវិមានក្រឹមឡាំងនោះទេ»។ លោក ហ្សេលេនស្គី បានបន្ថែមថា «ព្រមពេលជាមួយគ្នានេះ វាក៏ជាសញ្ញាច្បាស់លាស់មួយទូទាំងមហាសមុទ្រអាត្លង់ទិក ដែលបង្ហាញថា អឺរ៉ុបកំពុងទទួលបន្ទុក មានទំនួលខុសត្រូវផ្នែកសន្តិសុខ និងទទួលខុសត្រូវយ៉ាងខ្លាំង។ យើងរង់ចាំការសម្រេចចិត្តពីសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងប្រ៊ុចសែល នៃប្រទេសបែលហ្សិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បណ្តាមេដឹកនាំសហភាពអឺរ៉ុបបានព្រមព្រៀងផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៥០ពាន់លានអឺរ៉ូ ឬស្មើនឹង ៥៤ពាន់លានដុល្លារដល់អ៊ុយក្រែន បើទោះបីជាហុងគ្រីនៅតែជំទាស់៕