(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកបានចេញការដាក់ទណ្ឌកម្មទៅលើអ្នកតាំងលំនៅអ៉ីស្រាអែលចំនួន ៤នាក់ខណៈដែលលោកប្រធានាធិបតី ចូ បៃដិន និយាយថាអំពើហិង្សាប្រឆាំងជនស៉ីវិលប៉ាឡេស្ទីននៅតំបន់ West Bank ឈានដល់កម្រិតមួយមិនអាចទទួលយកបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងបទបញ្ជាកំណត់ការដាក់ទណ្ឌកម្មជាមូលដ្ឋាន លោក បៃដិន បានលើកឡើងថា «ស្ថានភាពនៅ West Bank ជាពិសេសកម្រិតខ្ពស់នៃអំពើហិង្សាពីសំណាក់ក្រុមអ្នកតាំងលំនៅជ្រុលនិយម ការបង្ខំឲ្យអ្នកភូមិផ្លាស់ទីលំនៅ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បានឈានដល់កម្រិតមួយដែលមិនអាចអត់ឱនឱ្យបាន ហើយបង្កើតជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាព»។

ក្រោយមក ក្រសួងការបរទេសអាមេរិកបានចេញការដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅ ៤នាក់ ដោយទ្រព្យសកម្មណាមួយដែលពួកគេមាននៅក្នុងសហរដ្ឋអាមេរិកនឹងត្រូវបង្កក ហើយហាមប្រាមជនជាតិអាមេរិកមិនឲ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយពួកគេ។ រដ្ឋមន្រ្តីការបរទេស លោក Antony Blinken ដែលធ្លាប់លើកឡើងម្តងហើយម្តងទៀតពីអំពើហិង្សារបស់ក្រុមអ្នកតាំងលំនៅប្រាប់អ៉ីស្រាអែល និងចាកចេញទៅកាន់តំបន់នោះភ្លាមៗ បាននិយាយថា «អ៉ីស្រាអែលត្រូវតែធ្វើការបន្ថែមទៀត ដើម្បីបញ្ឈប់អំពើហិង្សាលើជនស៉ីវិលនៅតំបន់ West Bank ហើយចាត់ការអ្នកប្រព្រឹត្តទាំងនោះ»។

គួរបញ្ជាក់ថា នេះជាចំណាត់ការមួយដ៏កម្រពីសំណាក់សហរដ្ឋអាមេរិក ទៅលើពលរដ្ឋអ៉ីស្រាអែល ក្រោយសង្រ្គាមផ្ទុះឡើងនៅតំបន់ហ្គាហ្សា។ វាក៏បានកើតឡើងនៅពេល លោក បៃដិន ធ្វើដំណើរទៅកាន់រដ្ឋ Michigan ជាកន្លែងដែលសហគមន៍អាមេរិកអារ៉ាប់ដ៏ធំមួយនៅទីនោះ បានសម្តែងការខឹងសម្បារជុំវិញការគាំទ្ររបស់លោកចំពោះអ៉ីស្រាអែល៕