(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទស្សនកិច្ចចុះត្រួតពិនិត្យទៅកាន់មូលដ្ឋានសាងសង់នាវាមួយ ដើម្បីជំរុញ សមត្ថភាពកងទ័ពជើងទឹករបស់លោក ខណៈទីក្រុងព្យុងយ៉ាងកំពុងពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យនាវាចម្បាំងនៅឯមូលដ្ឋានសាងសង់នាវា Nampho ជាមួយការសង្កត់ធ្ងន់ដូច្នេះថា «ការពង្រឹងសមត្ថភាពកងទ័ពជើងទឹកជារឿងសំខាន់បំផុត ដើម្បីការពារអធិបតេយ្យដែនសមុទ្ររបស់កូរ៉េខាងជើង និងពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម»។ លោក គីម ក៏បានបង្ហាញក្ដីសង្ឃឹមដែរថាកម្មករនៅឯមូលដ្ឋានសាងសង់នាវា Nampho នឹងទទួលបានជោគជ័យក្នុងការផលិតនាវាចម្បាំងលំដាប់ពិភពលោក នៅពេលអនាគត។

KCNA ក្នុងសេចក្ដីរាយការណ៍នៅថ្ងៃសុក្រនេះ បានឱ្យដឹងទៀតថា អំឡុងធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានសាងសង់នាវា Nampho ស្ថិតនៅចម្ងាយ ៦៥គីឡូម៉ែត្រពីភាគនិរតីទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យមើលនាវាចម្បាំងជាច្រើនប្រភេទ ដែលកំពុងស្ថិតនៅក្រោម ការសាងសង់។

គួរបញ្ជាក់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីអាវុធយុទ្ធសាស្ត្ររបស់លោក គីម ជុងអ៊ុន រួមជាមួយ មីស៊ីលល្បឿនលឿនជាងសំឡេង ផ្កាយរណបចារកម្ម និងមីស៊ីលបាលិស្ទីគអន្តរទ្វីបប្រើឥន្ធនៈរឹង ដែលលោកផ្ទាល់បានប្រកាសអំឡុង សមាជគណបក្សពលករកាលពីឆ្នាំ២០២១៕

រូបភាពពី KCNA ដោយ Reuters