(កៀវ)៖ អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈនេះបានអះអាងថាខ្លួនបានបាញ់ពន្លិចនាវាចម្បាំងមួយគ្រឿងរបស់រុស្ស៉ី នៅក្នុងតំបន់សមុទ្រខ្មៅនៃឆ្នេរ ឧបទ្វីបគ្រីមៀ ដែលកំពុងស្ថិតនៅក្រោមការបង្កើនការវាយប្រហារពីសំណាក់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
គ្រីមៀដែលត្រូវបានមូស្គូក្រសោបយកក្នុងឆ្នាំ២០១៤ និងជាមូលដ្ឋានរបស់កងទ័ពជើងទឹករុស្ស៉ីក្នុងតំបន់សមុទ្រខ្មៅ កំពុងស្ថិតនៅក្រោមគោលដៅវាយប្រហារ ដោយមីស៊ីល និងយន្ដហោះដ្រូនរបស់អ៊ុយក្រែន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើអនឡាញ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «នាវាប្រដាប់ដោយមីស៊ីលមួយគ្រឿងរបស់សត្រូវត្រូវបានកម្ទេច កាលពីយប់ឈានចូលថ្ងៃព្រហស្បតិ៍»។ ចារកម្មអ៊ុយក្រែនដដែល បានបន្ថែមថានាវាចម្បាំងរុស្ស៉ីដែលត្រូវបានបាញ់ពន្លិចនោះ មានឈ្មោះថា Ivanovets ដែលមានតម្លៃ៧០លានដុល្លារ។ ប៉ុន្តែ ខាងរុស្ស៉ីមិនបានធ្វើអត្ថាធិប្បាយ អ្វីទេ ជុំវិញការអះអាងរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា ខណៈយោធារុស្ស៉ីមិនបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតប គណនី Telegram រុស្ស៉ីមួយដែលមានទំនាក់ទំនងជាមួយយោធារុស្ស៉ី បាននិយាយថាអ៊ុយក្រែនបានវាយប្រហារនៅក្នុងតំបន់សមុទ្រខ្មៅ ដោយប្រើដ្រូនសមុទ្រចំនួន៩គ្រឿង។ ចំណែក កាលពីថ្ងៃពុធ រុស្ស៉ីក៏បានឱ្យដឹងដែរថាខ្លួនបាន កម្ទេចមីស៊ីលអ៊ុយក្រែន ២០គ្រាប់ នៅតំបន់សមុទ្រខ្មៅ និងតំបន់គ្រីមៀ៕
រូបភាពពី Telegram ចារកម្មយោធាអ៊ុយក្រែន