(វ៉ាស៊ីនតោន)៖ ទូរទស្សន៍អាមេរិក CBS News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា គោលដៅនៅក្រោមផែនការនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ជាការសងសឹកចំពោះការវាយប្រហារដោយយន្ដហោះដ្រូនដែលបានសម្លាប់ទាហានអាមេរិក ៣នាក់នៅក្នុងប្រទេសហ្ស៊កដានី នឹងមាន រួមបញ្ចូលទាំងមន្ត្រី និងមូលដ្ឋានរបស់អ៉ីរ៉ង់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤។
សេចក្ដីរាយការណ៍របស់ទូរទស្សន៍អាមេរិក CBS News ធ្វើឡើងដោយផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីអាមេរិក។ ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែក លើមន្ត្រីអាមេរិក ៤រូប ក៏បានឱ្យដឹងដែរថាសហរដ្ឋអាមេរិកបានវាយតម្លៃថាយន្ដហោះដ្រូនដែលបានបង្កឱ្យទាហានអាមេរិកជាង ៤០នាក់រងរបួសផងនោះ គឺជាប្រភេទ យន្ដហោះដ្រូនផលិតដោយអ៉ីរ៉ង់។ ក្រុមមន្ត្រីអាមេរិកទាំងនេះដដែលក៏បានបង្ហើបដែរថាមេដឹកនាំជាន់ខ្ពស់នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ កំពុងដកមន្ត្រីជាន់ខ្ពស់របស់ខ្លួន ចេញពីប្រទេសស៊ីរី។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍របស់ទូរទស្សន៍ CBS News កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទាហានអាមេរិក ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្ដហោះដ្រូន លើមូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសហ្ស៊កដានី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ នេះគឺជាការវាយប្រហារដែលសម្លាប់ទាហានអាមេរិកដំបូង បំផុត ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។ យ៉ាងណាក៏ដោយ ទោះជាការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាសនៅតែបន្ត ហើយភាពតានតឹងក្នុងតំបន់ឡើងកម្ដៅកាន់តែខ្លាំងក៏ដោយ ក៏កិច្ចប្រឹងប្រែងផ្នែកការទូតដើម្បីស្វែងរកបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា នៅតែ មានភាពរីកចម្រើនទៅមុខ៕
រូបភាពពី Reuters