(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានសូមអភ័យទោសចំពោះការលាក់បាំង ការធ្វើរោគវិនិច្ឆយជំងឺមហារីកក្រពេញប្រូស្តារបស់លោក និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមិនបានប្រាប់លោកប្រធានាធិបតី ចូ បៃដិន និងរដ្ឋាភិបាលអាមេរិកឱ្យដឹងមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Lloyd Austin បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគួរណាស់តែប្រាប់លោកប្រធានាធិបតីអំពីការធ្វើរោគវិនិច្ឆយជំងឺមហារីក របស់ខ្ញុំ។ ខ្ញុំពិតសូមអភ័យទោសដោយផ្ទាល់ទៅកាន់លោកប្រធានាធិបតី បៃដិន»។ លោកបន្ថែមថាលោកផ្ទាល់មិនបានបញ្ជាឱ្យបុគ្គលិករបស់លោកលាក់បាំងពីជំងឺ របស់លោកនោះទេ ហើយក៏មិនមានបំណងលាលែងពីតំណែងនោះដែរ។

គួរបញ្ជាក់ថា លោក Lloyd Austin បានបាត់មុខពីទីសាធារណៈកាលពីចុងខែធ្នូ ឆ្នាំ២០២៣ និងដើមខែមករា ឆ្នាំ២០២៤ បន្ទាប់ពីទទួលការវះកាត់ព្យាបាលជំងឺ មហារីកក្រពេញប្រូស្តាត កាលពីថ្ងៃទី២២ ខែធ្នូ។ ប៉ុន្តែ សេតវិមានមិនបានដឹង ឬត្រូវបានជូនដំណឹងពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក Austin ឡើយ រហូតដល់ថ្ងៃទី៤ ខែមករា ហើយរហូតដល់ថ្ងៃទី៩ ខែមករា ទើបលោក បៃដិនបានដឹងពីរឿងនេះ៕

រូបភាពពី AFP