(បាងកក)៖ តុលាការធម្មនុញ្ញថៃ កាលពីថ្ងៃពុធ ទី៣១ ខែមករា បានចេញសាលក្រមមួយដោយសម្រេចថាការសន្យារបស់គណបក្ស Move Forward អំឡុង យុទ្ធការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២៣ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្ដីពីច្បាប់ប្រមាថព្រះចេស្ដា គឺជាការប៉ុនប៉ងផ្ដួលរំលំរបបរាជានិយម។ នៅក្នុង សាលក្រមរបស់ខ្លួន តុលាការធម្មនុញ្ញថៃ មិនបានកំណត់នូវការដាក់ពិន័យណាមួយចំពោះ Move Forward ទេ ប៉ុន្តែអ្នកនយោបាយថៃមួយចំនួនធ្លាប់បាន លើកឡើងថា អាចនឹងមានកិច្ចប្រឹងប្រែងតាមផ្លូវច្បាប់ ដើម្បីព្យាយាមរំលាយ និងដាក់បម្រាមនយោបាយចំពោះថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងមួយនេះ។

ពាក្យបណ្ដឹងប្រឆាំងនឹងគណបក្ស Move Forward ត្រូវបានដាក់ដោយសកម្មជននយោបាយអភិរក្សនិយមម្នាក់ កាលពីខែកក្កដា ឆ្នាំមុន ចំពេលដែល គណបក្សនេះកំពុងព្យាយាមស្វែងរកការគាំទ្របង្កើតរដ្ឋាភិបាលចម្រុះ។ ការប្រឹងប្រែងនេះបានទទួលបរាជ័យ រីឯគណបក្ស Move Forward បែរក្លាយទៅជា គណបក្សប្រឆាំងទៅវិញ បើទោះជាខ្លួនជាអ្នកឈ្នះក្នុងការបោះឆ្នោតក៏ដោយ។ ពាក្យបណ្ដឹងនេះបានអះអាងថាការសន្យា និងយុទ្ធនាការរបស់ Move Forward ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញច្បាប់ប្រមាថព្រះចេស្ដា ជាទង្វើបំពានលើផ្នែក ៤៩ នៃរដ្ឋធម្មនុញ្ញថៃ។ ច្បាប់ប្រមាថព្រះចេស្ដា ឬគេស្គាល់ថាផ្នែក១១២ នៃក្រមព្រហ្មទណ្ឌថៃ បានចែងថាការប្រមាថ និងការគំរាមកំហែងដល់ព្រះមហាក្សត្រ ម្ចាស់ក្សត្រិយ៍ និងរជ្ជទាយាទ នឹងត្រូវជាប់ពន្ធនាគារ១៥ឆ្នាំ ក្នុងមួយបទល្មើស។ ផ្នែក ៤៩ នៃរដ្ឋធម្មនុញ្ញថៃ ក៏បានហាមឃាត់ផងដែរការផ្ដួលរំលំរដ្ឋធម្មនុញ្ញរាជនិយម ហើយថាប្រជាជនថៃគ្រប់រូបដែលយល់ថានរណាម្នាក់ កំពុងប្រព្រឹត្តទង្វើនេះ អាចដាក់ញត្តិទៅកាន់តុលាការដើម្បីបង្គាប់ឱ្យអ្នកល្មើសបញ្ឈប់សកម្មភាពជាបន្ទាន់។

* តើសាលក្រមនិយាយអ្វីខ្លះ?
ចៅក្រមទាំង៩រូប នៃតុលាការធម្មនុញ្ញថៃបានសម្រេចជាឯកច្ឆន្ទដោយចេញសាលក្រមប្រឆាំងនឹងគណបក្ស Move Forward ដោយសំអាងថាការសន្យារបស់ គណបក្សប្រឆាំងធំបំផុតមួយនេះក្នុងប្រទេសថៃ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញច្បាប់ស្ដីពីការប្រមាថព្រះចេស្ដា និងការប្រើប្រាស់ពាក្យសន្យានេះក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២៣ ស្មើនឹងការអំពាវនាវឱ្យមានការផ្ដួលរំលំរដ្ឋធម្មនុញ្ញរាជានិយម។ សេចក្ដីថ្លែងការណ៍មួយរបស់តុលាការធម្មនុញ្ញថៃ បានសង្កត់ធ្ងន់ទៀតថា «ការប្រឹងប្រែងរបស់ Move Forward ក្នុងការកែប្រែច្បាប់ គឺបំផ្លាញ និងធ្វើឱ្យរបបរាជានិយមទន់ខ្សោយ និងជាឆន្ទៈមួយដើម្បីបំបែក បំបាក់របបរាជានិយមចេញពីប្រជាជាតិថៃ ដែលនេះជាការគំរាមកំហែងមួយយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរបស់រដ្ឋ»។

ផ្អែកលើសាលក្រមនេះ តុលាការបានបង្គាប់ឱ្យ Move Forward បញ្ឈប់រាល់សកម្មភាពបំពានលើផ្នែក ៤៩ នៃរដ្ឋធម្មនុញ្ញ និងត្រូវបញ្ឈប់រាល់ការពិភាក្សា ជាសាធារណៈស្ដីពីការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះចេស្ដាផងដែរ។

* តើសាលក្រមនេះមានន័យយ៉ាងណាចំពោះ Move Forward?
នៅក្នុងសាលក្រមរបស់ខ្លួន តុលាការធម្មនុញ្ញថៃ មិនបានកំណត់នូវការដាក់ពិន័យណាមួយទេ ដែលនេះមានន័យថា Move Forward មិនមែនកំពុងត្រូវបាន រំលាយចោលភ្លាមៗនោះទេ។ ប៉ុន្តែ អ្នកនយោបាយថៃមួយចំនួនធ្លាប់បានលើកឡើងថាសាលក្រមនេះអាចនឹងបើកផ្លូវឱ្យមានកិច្ចប្រឹងប្រែងតាមផ្លូវច្បាប់ ដើម្បី ព្យាយាមរំលាយ និងដាក់បម្រាមនយោបាយចំពោះថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងមួយនេះ។

ការចង់រំលាយគណបក្សណាមួយ គឺត្រូវតម្រូវឱ្យមានញត្តិមួយដែលមានការចូលរួមពីគណៈកម្មការរៀបចំការបោះឆ្នោត ដែលជាអ្នកត្រួតពិនិត្យលើការបោះឆ្នោត និងគណបក្សនយោបាយ នៅក្នុងប្រទេសថៃ។ ក្រោយមកទៀត បើទទួលយកញត្តិ គណៈកម្មការរៀបចំការបោះឆ្នោតនឹងបើកការស៊ើបអង្កេតមួយ មុននឹងស្នើ ទៅកាន់តុលាការធម្មនុញ្ញឱ្យរំលាយគណបក្សនយោបាយមួយ។ កាលពីថ្ងៃពុធសប្ដាហ៍នេះដែរ មេធាវី និងជាអតីតសមាជិកព្រឹទ្ធសភាម្នាក់ គឺលោក Ruangkrai Leekijwattana បានប្រកាសថាលោកត្រៀមខ្លួនជាស្រេចដើម្បីដាក់ញត្តិទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត ទាមទារឱ្យរំលាយគណបក្ស Move Forward។ លោក Ruangkrai ដែលជាសមាជិកមួយរូបរបស់គណបក្ស Palang Pracharath ផងនោះ ធ្លាប់បានដាក់ញត្តិ ២លើករួចមកហើយ ទៅកាន់ គណៈកម្មការរៀបចំការបោះឆ្នោតថៃ កាលពីឆ្នាំ២០២៣ ដើម្បីទាមទារឱ្យរំលាយគណបក្ស Move Forward ពាក់ព័ន្ធនឹងការព្យាយាមធ្វើវិសោធនកម្មច្បាប់ស្ដីពី ការប្រមាថព្រះចេសា្ត។ ប៉ុន្តែ ញត្តិទាំង២លើកនេះត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតបដិសេធមិនទទួលយក ដោយសំអាងថាសកម្មភាពរបស់គណបក្ស Move Forward មិនមានមូលដ្ឋានគ្រប់គ្រាន់ឈានដល់ការរំលាយគណបក្សនៅក្រោមច្បាប់បោះឆ្នោតទេ។

យ៉ាងណាក៏ដោយ លោក Ruangkrai បានអះអាងថាផ្អែកលើសាលក្រមរបស់តុលាការធម្មនុញ សកម្មភាពរបស់គណបក្សប្រឆាំងមួយនេះបានបំពានផ្នែក ៩២ នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដូច្នេះលោកយល់ថាគណៈកម្មការរៀបចំការបោះឆ្នោតត្រូវតែទទួលយកញត្តិរបស់លោកយកទៅពិចារណា ដើម្បីរំលាយ គណបក្ស Move Forward។

* តើនឹងមានអ្វីកើតឡើងបន្ទាប់ ចំពោះ Move Forward?
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធ ទី៣១ ខែមករា មេដឹកនាំគណបក្ស Move Forward លោក Chaithawat Tulathon បានព្រមានថាសាលក្រមរបស់ តុលាការធម្មនុញ្ញថៃ អាចនឹងធ្វើឱ្យស្ថាប័នរាជានិយមថៃកាន់តែបង្កើនឥទ្ធិពល នៅពីក្រោយជម្លោះនៅក្នុងនយោបាយថៃ។ ចំណែក អតីតមេដឹកនាំបក្សនេះ គឺលោក Pita Limjaroenrat ក៏បានលើកឡើងដែរថា «វាជាការបាត់បង់ឱកាសសម្រាប់ពួកយើង ដើម្បីប្រើសភា ក្នុងការស្វែងរកកុងសង់ស៊ីស លើបញ្ហាដ៏សំខាន់ និងដ៏រសើបបែបនេះ»។

លោក Pita កាលពីសប្ដាហ៍មុន ត្រូវបានតុលាការធម្មនុញ្ញថៃសម្រេចឱ្យរួចខ្លួនពីការចោទប្រកាន់ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបានផ្ដល់សមាជិកភាពជាតំណាងរាស្ត្រដល់រូបលោកឡើងវិញ នៅក្នុងសភាជាទីដែលលោកត្រូវបានគេរំពឹងថាអាចនឹងរិះគន់ផែនការសេដ្ឋកិច្ចរបស់រដ្ឋាភិបាល លោក Srettha Thavisin។ ប៉ុន្តែ សាលក្រមរបស់តុលាការធម្មនុញ្ញកាលពីថៃ្ងពុធ បាននិងកំពុងធ្វើឱ្យអនាគតរបស់លោក Pita និង Move Forward ធ្លាក់ចូល ក្នុងភាពស្រពេចស្រពិលសាជាថ្មី ហើយអ្វីដែលគេកំពុងនឹកស្រមៃដល់ នោះគឺអ្វីដែលបានកើតឡើងលើគណបក្ស Future Forward ដែលជាគណបក្សដើមរបស់ គណបក្ស Move Forward។ កាលពីឆ្នាំ២០២០ តុលាការធម្មនុញ្ញថៃបានសម្រេចរំលាយគណបក្ស Future Forward ក្រោមបទចោទថាបានបំពានច្បាប់ស្ដីពី ហិរញ្ញវត្ថុ និងបានរារាំងអតីតមេដឹកនាំបក្សមួយនេះ លោក Thanathorn Juangruanroongkit រួមទាំងគណៈនាយកទាំងអស់របស់គណបក្សមិនឱ្យធ្វើ នយោបាយរយៈពេល ១០ឆ្នាំ។ ម្លោះហើយ ប្រសិនបើការប៉ុនប៉ងរំលាយគណបក្ស Move Forward ទទួលបានជោគជ័យ នោះការដាក់ពិន័យដូចគ្នានេះអាចនឹង កើតឡើងចំពោះមេដឹកនាំបក្ស Move Forward។

ក៏ប៉ុន្តែ ការរំលាយគណបក្ស មិនមែនជាឧបករណ៍នយោបាយដ៏មានប្រសិទ្ធភាពនោះទេ ដ្បិតគណបក្សនយោបាយក្នុងប្រទេសថៃ តែងតែមានផែនការបម្រុងទុក ជាស្រេច ដើម្បីបង្កើតគណបក្សថ្មី នៅពេលគណបក្សរបស់ពួកគេត្រូវបានរំលាយ។ ជាឧទាហរណ៍ គណបក្ស Pheu Thai គឺជាគណបក្សទី៣ ដែលកើតចេញពី គណបក្សដើមគឺ Thai Rak Thai ដែលបានទទួលបានជ័យជម្នះ២លើក មុននឹងត្រូវបានតុលាការធម្មនុញ្ញបង្គាប់ឱ្យរំលាយបក្សចោលក្នុងឆ្នាំ២០០៧។

គួរបញ្ជាក់ថា បើតាមក្រុមមេធាវីការពារសិទ្ធិមនុស្សថៃ Thai Lawyers for Human Rights ចាប់តាំងពីឆ្នាំ២០២០មក មានមនុស្សយ៉ាងហោច ២៦២នាក់ ត្រូវបានចោទប្រកាន់នៅក្រោមច្បាប់ប្រមាថព្រះចេស្ដា ហើយកាលពីពាក់កណ្ដាលខែមករាកន្លងទៅនេះសកម្មជនម្នាក់ត្រូវបានតុលាការថៃផ្តន្ទាទោស ដាក់ពន្ធនាគារដល់ទៅ ៥០ឆ្នាំ ពីបទបង្ហោះសារប្រមាថព្រះមហាក្សត្រថៃ៕