(កាប៊ុល)៖ រដ្ឋាភិបាល​តាលីបង់​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍នេះ​ បាន​ច្រាន​ចោល​របាយការណ៍​ថ្មី​មួយ ​ដែល​ចេញ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ ដែល​បាន​ចោទ​ប្រកាន់​ពី​ការ​បង្កើត​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ថ្មី​សម្រាប់​ក្រុម​អាល់កៃដា ​នៅលើ​ទឹកដី​របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍នៅសប្តាហ៍នេះ ក្រោមដំណោះស្រាយស្តីពីក្រុម Daesh និងក្រុមអាល់កៃដា ព្រមទាំងបុគ្គលពាក់ព័ន្ធ។

របាយការណ៍នេះត្រូវបានផ្អែកលើការវាយតម្លៃ ដោយក្រុមឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលដកស្រង់ព័ត៌មានសម្ងាត់ ដែលផ្តល់ដោយរដ្ឋជាសមាជិកដើម្បីព្រមានថា ក្រុមអាល់កៃដា «ត្រូវបានគេរាយការណ៍ថា បានបង្កើតជំរុំហ្វឹកហាត់ថ្មី ដល់ទៅចំនួនប្រាំបីទីតាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន» និងកំពុងកសាងកន្លែងសុវត្ថិភាពដើម្បីជួយសម្រួល ដល់ការងារទំនាក់ទំនង​រវាង​អាហ្វហ្កានីស្ថាន និង​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់»។

របាយការណ៍​ក៏​បាន​និយាយ​ដែរ​ថា ក្រុម​អាល់កៃដា «រក្សា​គំរូ​នៃ​ការ​គ្រប់​គ្រង​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​មាន​ការ​គាំទ្រ​ពី​ក្រុម​តាលីបង់»។

ប្រធានក្រុមតាលីបង់ លោក Zabiullah Mujahid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់នេះគឺ ជារឿង «មិនពិត» និងជាផ្នែកមួយនៃ «ការឃោសនា» របស់អតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយសហរដ្ឋអាមេរិក។

លោកបាននិយាយទៀតថា «គ្មាននរណាម្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមអាល់កៃដាទេ ហើយក៏នឹងមិនអនុញ្ញាតឱ្យរដ្ឋអ៊ីស្លាមណាមួយ ប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថាន ប្រឆាំងនឹងនរណាម្នាក់ផ្សេងដែរ»។

គួរជម្រាបថា សង្រ្គាមនៅអាហ្វហ្គានីស្ថាន ត្រូវបានបញ្ឆេះដោយការឈ្លានពានរបស់សហរដ្ឋអាមេរិក ដែលបានផ្តួលរំលំរបបទីមួយរបស់តាលីបង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ពួកគេថា បានផ្តល់ជម្រកដល់មេដឹកនាំអាល់កៃដា លោក Osama bin Laden បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ មកលើសហរដ្ឋអាមេរិក។ ការឈ្លានពានរបស់សហរដ្ឋអាមេរិក បាននាំឱ្យមានការប្រយុទ្ធបង្ហូរឈាមរយៈពេលពីរទសវត្សរ៍ រវាងរដ្ឋាភិបាលថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថានដែលគាំទ្រដោយកងកម្លាំងណាតូ និងកងកម្លាំងតាលីបង់៕