(ប្រ៊ុចសែល)៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសយេម៉ែន នៅថ្ងៃព្រហស្បតិ៍នេះបានជំរុញឱ្យសហភាពអឺរ៉ុបឱ្យបង្កើនសម្ពាធលើក្រុម Houthi ដែលកំពុងវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម ដែលជាសរសៃឈាមពាណិជ្ជកម្មសកលដ៏សំខាន់មួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រុមសកម្មប្រយុទ្ធ Houthi ដែលគ្រប់គ្រងផ្នែកដែលមានប្រជាជនច្រើនជាងគេក្នុងប្រទេសយេម៉ែន បានចាប់ផ្តើមបាញ់បង្ហោះយន្តហោះដ្រូន និងមីស៊ីលនៅលើកប៉ាល់ដែលធ្វើដំណើរទៅ និងមកពីព្រែកជីក Suez របស់ប្រទេសអេហ្ស៊ីបចាប់តាំងពីខែវិច្ឆិកា។

ពួកគេនិយាយថា សកម្មភាពរបស់ពួកគេគឺជាការបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា ប៉ុន្តែការវាយប្រហារបានរំខានដល់ការដឹកជញ្ជូន ដែលជំរុញឱ្យសហរដ្ឋអាមេរិក និងអង់គ្លេសបើកការវាយប្រហារលើគោលដៅក្រុម Houthi ក្នុងប្រទេសយេម៉ែន។

សហភាពអឺរ៉ុបដែលមាន ២៧ ប្រទេសមានបំណងចាប់ផ្តើមបេសកកម្មកងទ័ពជើងទឹករបស់ខ្លួន នៅក្នុងសមុទ្រក្រហមនៅពាក់កណ្តាលខែកុម្ភៈ ដើម្បីជួយការពារនាវានៅទីនោះ។

រដ្ឋមន្ត្រីការបរទេស នៃរដ្ឋាភិបាលយេម៉ែនដែលមានមូលដ្ឋាននៅទីក្រុង Aden គាំទ្រដោយអារ៉ាប៊ីសាអូឌីត លោក Ahmed Awad bin Mubarak បានប្រាប់អ្នកយកព័ត៌មានមុនកិច្ចពិភាក្សាជាមួយមន្ត្រីសហភាពអឺរ៉ុបថា «គ្រាន់​តែ​វាយប្រហារលើ​ក្រុម Houthis គឺមិន​គ្រប់​គ្រាន់​ទេ។ យើងត្រូវការដំណោះស្រាយរយៈពេលមធ្យម និងរយៈពេលវែង»។

លោកបានអំពាវនាវឱ្យ EU ដាក់សម្ពាធបន្ថែមលើក្រុម Houthis ដូចជាចាត់ថ្នាក់ពួកគេជាអង្គការភេរវករជាដើម។ ទន្ធឹមនឹងនេះក៏បានអំពាវនាវ ឱ្យមានការផ្តល់ការគាំទ្រសម្រាប់ការកសាងស្ថាប័នយេម៉ែនឡើងវិញ តាមរយៈការកសាងឆ្មាំឆ្នេរសមុទ្រ និងផ្តល់ជំនួយមនុស្សធម៌តាមរយៈធនាគារកណ្តាល Aden ។

លោកបាននិយាយថា «ពួក Houthis នឹងមិនបញ្ឈប់ឡើយ... មនោគមវិជ្ជារបស់ពួកគេគឺថា ជាក្រុមមួយដែលពួកគេមានសិទ្ធិដ៏ពិសិដ្ឋ (ដើម្បីគ្រប់គ្រង) ក្នុងប្រទេសយេម៉ែន ហើយ ពួកគេក៏ជាផ្នែកនៃយុទ្ធសាស្ត្រក្នុងតំបន់របស់អ៊ីរ៉ង់ផងដែរ។

រដ្ឋមន្ត្រីការបរទេសយេម៉ែនរូបនេះ បានសង្កត់ធ្ងន់ថា ការខ្វះខាតរបស់លោកខាងលិចចំពោះផ្លូវច្បាស់លាស់ ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា និងការផ្តល់យុត្តិធម៌ដល់ប៉ាឡេស្ទីន កំពុងផ្តល់អំណាចដល់ «ក្រុមជ្រុលនិយមទាំងអស់នៅក្នុងតំបន់របស់យើង»៕

រូបភាពពី AFP