(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិក និងជប៉ុនក្នុងសប្តាហ៍នេះបានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រហ្វីលីពីន ដែលជាការបង្ហាញកម្លាំង ខណៈភាពតានតឹងបានកើនឡើងជាមួយចិន និងកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកំពុងប្រឈមមុខដាក់គ្នាលើបញ្ហាជាច្រើន រាប់ចាប់ពីបន្ទះឈីប រហូតដល់ពន្ធគយ ប៉ុន្តែប្រទេសទាំងពីរមានការព្រួយបារម្ភចំពោះការកើនឡើង នៃជម្លោះយោធានៅក្នុងតំបន់ប៉ាស៊ីហ្វិក។

ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួន ហើយបានប្តេជ្ញាដណ្តើមយកកោះនេះដោយប្រើកម្លាំងប្រសិនបើចាំបាច់ ព្រមទាំងបានបង្កើនសម្ពាធលើកោះនេះ តាមរយៈការធ្វើសមយុទ្ធយោធាសំខាន់ៗនៅច្រកសមុទ្រតៃវ៉ាន់ជាដើម។

ឧត្តមនាវីឯកទ័ពជើងទឹកអាមេរិក លោក Carlos Sadillo បានហៅសមយុទ្ធរួមគ្នានេះ ដែលមានការចូលរួមពីនាវាអាមេរិករាប់សិបគ្រឿង រួមទាំងនាវាផ្ទុកយន្តហោះពីរគ្រឿងនោះ ថាជា «ឱកាសហាត់សមដ៏អស្ចារ្យសម្រាប់ពួកគេ»។

លោកបានសង្កត់ធ្ងន់ថា «សកម្មភាពរបស់យើងនៅទីនេះឆ្លុះបញ្ចាំងពីសិទ្ធិដែនសមុទ្ររបស់ប្រទេសទាំងអស់ ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងចលនាផ្លូវអាកាសគ្រប់ទីកន្លែង ដែលត្រូវបានអនុញ្ញាតក្រោមច្បាប់អន្តរជាតិ»៕