(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានដកស្រង់សម្តីរបស់សមាជិកសភាមកពីគណបក្សប្រឆាំង នៅថ្ងៃព្រហស្បតិ៍នេះថា គណៈប្រតិភូមួយក្រុមរបស់កូរ៉េខាងជើង នឹងមកធ្វើទស្សនកិច្ចនៅសភាជាន់ទាបរបស់រុស្ស៉ី នាថ្ងៃទី១៣ ខែកុម្ភៈ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Kazbek Taysaev ដែលជាសមាជិកសភានៃបក្សកុម្មុយនិស្តរុស្ស៉ី បាននិយាយទៀតថា គណៈប្រតិភូសភារុស្ស៉ី ក៏គ្រោងនឹងធ្វើដំណើរទៅកាន់កូរ៉េខាងជើង ក្នុងខែមីនា។ រុស្ស៉ី បានបង្កើនទំនាក់ទំនងជាមួយកូរ៉េខាងជើង និងប្រទេសមានទំនាក់ទំនងមិនសូវល្អជាមួយសហរដ្ឋអាមេរិក ដូចជាអ៉ីរ៉ង់ ចាប់តាំងពីបើកសង្រ្គាមឈ្លានពានអ៊ុយក្រែន ដែលបង្កឲ្យមានការព្រួយបារម្ភពីសំណាក់លោកខាងលិច។ កាលពីឆ្នាំ ២០២៣ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលយកការអញ្ជើញពីមេដឹកនាំ លោក គីម ជុងអ៊ុន ថានឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ដែលបើតាមវិមានក្រឹមឡាំង ទស្សនកិច្ចនោះនឹងធ្វើឡើងក្នុងពេលអនាគតដ៏ខ្លី។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានចោទប្រកាន់កូរ៉េខាងជើងពីការផ្គត់ផ្គង់ឲ្យរុស្ស៉ីនូវគ្រាប់កាំភ្លើងធំ និងមីស៉ីលដែលប្រើ ក្នុងសង្គ្រាមអ៊ុយក្រែនសព្វថ្ងៃ។ ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែប្តេជ្ញាធ្វើឱ្យទំនាក់ទំនងយោធា កាន់តែស៉ីជម្រៅ៕

រូបភាពពី Reuters