(ប៉េកាំង)៖ ថ្ងៃទី៣០ ខែមករា ក្រុមការងារកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន រវាងចិននិងអាមេរិក បានប្រកាសចាប់ដំណើរការជាផ្លូវការ។ នេះជាវិធានការដ៏សំខាន់មួយ ដើម្បីអនុវត្តគំនិតឯកភាពរួមនៃកិច្ចប្រជុំកំពូលក្រុង San Franciscoរវាងចិននិងអាមេរិក។ ប៉ុន្មានឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្លាយជាបញ្ហាពិភាក្សាពាក់ព័ន្ធនឹងប្រទេសចិន ដែលអាមេរិកជំរុញយ៉ាងខ្លាំងក្លា។ នេះគឺជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធ ជាមួយនឹងកង្វះការគ្រប់គ្រងចំពោះ សាធាតុប្រភេទហ្វេនតានីលក្នុងសង្គមអាមេរិក។

យោងតាមទិន្នន័យដែលរដ្ឋបាលប្រឆាំងគ្រឿងញៀន របស់សហរដ្ឋអាមេរិកប្រកាសនៅពេលថ្មីៗនេះបានឱ្យដឹងថា ថ្នាំហ្វេនតានីលបានក្លាយជាមូលហេតុសំខាន់ ដែលបណ្តាលឱ្យជនជាតិអាមេរិកអាយុពី១៨ឆ្នាំដល់៤៥ឆ្នាំស្លាប់ បាត់បង់ជីវិត គឺជាការគំរាមកំហែងខាងគ្រឿងញៀនដែលប៉ះពាល់ អាយុជីវិតខ្លាំងបំផុតដែលអាមេរិក កំពុងប្រឈមក្នុងប្រវត្តិសាស្ត្រ។

ហេតុអ្វីបានជាអាមេរិកប្រើប្រាស់ថ្នាំហ្វេនតានីលយ៉ាងអនាធិបតេយ្យ? វាទាក់ទងនឹងកត្តាជាច្រើន។ មួយផ្នែក ដោយសារមានការជំរុញដោយប្រាក់ចំណេញ សហគ្រាសផលិតឱសថធំៗបាននិយាយបញ្ចុះបញ្ចូល ឱ្យអ្នកនយោបាយផ្តល់ការការពារ ខាងគោលនយោបាយ អ្នកតំណាងផ្នែកវេជ្ជសាស្រ្ត ក៏ប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីលើកទឹកចិត្តឱ្យគ្រូពេទ្យចេញវេជ្ជបញ្ជា រីឯឱសថស្ថានក៏ខំប្រឹងពពាយនាយលក់ ដែលបង្កើតបានជាខ្សែសង្វាក់ប្រាក់ចំណញដ៏ពេញលេញ។ មួយផ្នែកទៀត រដ្ឋាភិបាលអាមេរិកក៏មានអសមត្ថភាព ក្នុងការត្រួតពិនិត្យនិងគ្រប់គ្រងទេ។ ជាពិសេស គឺប៉ុន្មានឆ្នាំកន្លងទៅនេះ នយោបាយអាមេរិកបែកបាក់គ្នាកាន់តែធ្ងន់ធ្ងរ បណ្តាលឱ្យសេចក្ដីព្រាងច្បាប់ស្តីពី ការបង្ក្រាបការជួញដូរថ្នាំហ្វេនតានីលបានជាប់គាំង។

ប្រការទាំងនេះអាចឃើញថា មូលហេតុពីឬសគល់ដែលបណ្តាល ឱ្យកើតវិបតិ្តហ្វេនតានីលគឺស្ថិតនៅត្រង់អាមេរិកហ្នឹងឯង ហើយបានបង្ហាញថាអាមេរិកអសមត្ថភាព ក្នុងការគ្រប់គ្រងក្នុងស្រុក។ អ្នកកាន់អំណាចរបស់អាមេរិកគ្មានសមត្ថភាពដោះស្រាយបញ្ហា ផ្ទុយទៅវិញជ្រើសរើសការទម្លាក់កំហុស ទៅឱ្យប្រទេសដទៃ។ លោក William Jones ប្រធានការិយាល័យវ៉ាស៊ីនតោននៃទស្សនាវដ្តី «Executive Intelligence Review» របស់អាមេរិកបានលើកឡើងថា ការប្រើប្រាស់ថ្នាំហ្វេនតានីលដោយខុសច្បាប់ បានក្លាយជាជំងឺរាតត្បាតក្នុងសង្គមអាមេរិក ខ្ញុំឮប្រព័ន្ធសារព័ត៌មានអាមេរិកមួយចំនួនថ្លែងថា ប្រទេសចិនត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ តែនេះវាមិនសមហេតុផលទាល់តែសោះ។ ក្នុងបញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្មានប្រទេសណាធ្វើកិច្ចខិតខំប្រឹងប្រែងខ្លាំង ជាងប្រទេសចិនទេ។

ជាការពិតណាស់ ក្នុងប្រវត្តិសាស្ត្រ ប្រទេសចិនបានរងគ្រោះយ៉ាងខ្លាំងពីគ្រឿងញៀន បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនបានបង្កើតឡើង ជានិច្ចកាល ប្រទេសចិនតែងតែ “គ្មានការអត់ឱន”លើគ្រឿងញៀនជាដាច់ខាត ហើយបានបង្រ្កាបយ៉ាងតឹងរ៉ឹងទៅលើ ឧក្រិដ្ឋកម្មគ្រឿងញៀនគ្រប់ប្រភេទ ដូចជាផលិតនិងជួញដូរគ្រឿងញៀនជាដើម។ នៅខែឧសភា ឆ្នាំ២០១៩ ប្រទេសចិនបានចាប់ផ្តើមគ្រប់គ្រងសាធាតុហ្វេនតានីលតាមប្រភេទមុនគេ ក្នុងក្របខណ្ឌពិភពលោក ដែលបានគ្រប់គ្រងដល់ទៅ២៥ប្រភេទ លើសពី២១ប្រភេទដែលអង្គការសហប្រជាជាតិបានកំណត់។ តាមសេចក្តីជូនដំណឹងនៃស្ថាប័នអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន របស់អាមេរិកឱ្យដឹងថា ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់បច្ចុប្បន្ននេះ អាមេរិកមិនដែលឆែកឆេររកឃើញសាធាតុប្រភេទហ្វេនតានីល ដែលមកពីប្រទេសចិននោះឡើយ។

ប្រការដែលត្រូវលើកឡើងនោះ គឺក្នុងនាមជាប្រទេសដែលមានបញ្ហាហ្វេនតានីល លេចធ្លោជាងគេនៅទូទាំងពិភពលោក បើអាមេរិកចង់ដោះស្រាយពីឬសគល់នូវវិបតិ្តហ្វេនតានីល នោះអាមេរិកត្រូវតែស្វែងរកមូលហេតុពីខ្លួនឯងសិន រួចរិះរកមធ្យោបាយ កែសម្រួលចន្លោះប្រហោងនៃប្រព័ន្ធច្បាប់ និងចាត់ប្រតិបតិ្តការយ៉ាងខ្លាំងក្លា។

នាពេលថ្មីៗកន្លងទៅនេះ ពីការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដល់កិច្ចសន្ទនាលើវិស័យហិរញ្ញវត្ថុ ពីការប្រាស្រ័យទាក់ទងផ្នែកយោធា ដល់កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់លើវិស័យការទូត ចិននិងអាមេរិកបាននិងកំពុងធ្វើការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធលើច្រើនវិស័យ ។ ចំណុចនេះបានបង្ហាញឱ្យឃើញថា ប្រទេសទាំងពីរកំពុងអនុវត្តជាសន្សឹមៗ នូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋចិននិងអាមេរិក ដែលបានឈានដល់ក្នុងកិច្ចប្រជុំកំពូលក្រុង San Francisco។ ឱ្យតែចិននិងអាមេរិក រួមរស់ជាមួយគ្នាតាមរបៀបត្រឹមត្រូវ ដូចជាចេះគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសនិ្តសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ នោះនិន្នាការនេះនឹងអាចរក្សាជាបន្តបន្ទាប់ ទំនាក់ទំនងរវាងចិននិងអាមេរិកក៏ត្រូវបានរំពឹងថា នឹងមាននិន្នាការល្អប្រសើរឥតឈប់ឈរផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន