(តៃប៉ិ)៖ លោក Han Kuo-yu ដែលជាអតីតអភិបាលក្រុង និងជាអតីតបេក្ខជនមេដឹកនាំតៃវ៉ាន់ នៃគណបក្សប្រឆាំងធំបំផុតនៅដែនកោះនេះ គឺ Kuomintang (KMT) ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជា ប្រធាននៃសភាតៃវ៉ាន់ថ្មី នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងការបោះឆ្នោតសកលកាលពីខែមករា លោក Lai Ching-te ដែលជាបេក្ខជនមកពីគណបក្សកាន់អំណាច DPP បានទទួលជ័យជម្នះ ក្លាយជាមេដឹកនាំបន្ទាប់របស់តៃវ៉ាន់ ក៏ប៉ុន្តែទាំងបក្ស DPP និងបក្ស KMT គឺសុទ្ធតែឈ្នះបានអាសនៈក្នុងចំនួនមិនគ្រប់គ្រាន់នោះឡើយ សម្រាប់កាន់កាប់​សំឡេងភាគច្រើន នៅក្នុងសភាដែលមាន១១៣អាសនៈ។ ក្នុងការបោះឆ្នោតសកល លោក Ko Wen-je មកពីគណបក្ស TPP បានជាប់នៅ​លេខរៀងទី៣ ប៉ុន្តែគណបក្សរបស់លោក ឈ្នះបានអាសនៈចំនួន៨ ជាហេតុនាំឱ្យបក្ស TPP ក្លាយជាតួអង្គដ៏សំខាន់មួយ នៅក្នុងសភាថ្មី។

គួរបញ្ជាក់ថា ការជាប់ជាប្រធានសភាតៃវ៉ាន់ថ្មី គឺជាស្តារមុខមាត់ឡើងវិញសម្រាប់លោក Han ដែលត្រូវបានបោះឆ្នោតទម្លាក់ពីតំណែងជា ​អភិបាលទីក្រុង Kaohsiung កាលពីឆ្នាំ២០២០ នៅប៉ុន្មានខែ បន្ទាប់ពីរូបលោកបានទទួលបរាជ័យ ក្នុងការប្រជែងយកតំណែងមេដឹកនាំ​ ពីលោកស្រី Tsai Ing-wen ក្នុងការបោះឆ្នោតសកល នាឆ្នាំដដែលនោះ៕

រូបភាពពី Reuters