(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសថា រដ្ឋមន្រ្តីការពារជាតិ លោក Shin Won-sik បានចាប់ផ្តើម ដំណើរទស្សនកិច្ចរយៈពេល ៧ថ្ងៃទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីចូលរួមកិច្ចពិភាក្សាថ្នាក់រដ្ឋមន្រ្តី និងចូលរួមក្នុងពិព័រណ៍អាវុធ នៅឯប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

អំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Shin គ្រោងជួបពិភាក្សាជាមួយសមភាគីរបស់លោក គឺព្រះអង្គម្ចាស់ Mohammed bin Mubarak Al Mazrouei នៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក៏ដូចជាសំណេះសំណាលជាមួយទាហានកូរ៉េខាងត្បូងសម័យសង្គ្រាម គឺអង្គភាព Akh ដែលត្រូវបានដាក់ពង្រាយនៅទីនោះតាំងពីឆ្នាំ ២០១១។ លោក Shin ក៏ត្រូវធ្វើដំណើរទៅកាន់អារ៉ាប៊ីសាអូឌីត នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីចូលរួមក្នុងកម្មវិធីតាំងបង្ហាញដ៏ធំមួយស្តីពីវិស័យការពារជាតិ នៅទីក្រុងរីយ៉ាដ មុនពេលធ្វើដំណើរទៅកាន់ ប្រទេសកាតា ដើម្បីជួបរដ្ឋមន្ត្រីការពារជាតិ លោក Khalid bin Mohammed Al Attiyah។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង បានក្លាយខ្លួនជាអ្នកនាំចេញអាវុធដ៏ធំមួយរបស់ពិភពលោក ជាមួយនិងកំណើននៃការលក់ពីចំនួនទឹកប្រាក់ ៧.២៥ពាន់លានដុល្លាររហូតដល់ ១៧ពាន់លានដុល្លារនៅឆ្នាំ ២០២២។ ការនាំចេញអាវុធរបស់កូរ៉េខាងត្បូងទៅកាន់តំបន់មជ្ឈិមបូព៌ា បានកើនឡើងជិត ១០ដងក្នុងចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣។ បើតាមក្រុមអ្នកជំនាញ កំណើននេះត្រូវបានជំរុញ ដោយការប្រកួតប្រជែងតម្លៃ និងសមត្ថភាពរបស់កូរ៉េខាងត្បូង ក្នុងការដឹកជញ្ជូនលឿនរហ័ស៕

រូបភាពពី Reuters