(ព្រុចសែល)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Josep Borrell ដែលជាប្រមុខគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប (EU) បានប្រាប់ឱ្យដឹងថា ទាហានអ៊ុយក្រែនចំនួន២០,០០០នាក់បន្ថែមទៀត នឹងត្រូវទទួលការបណ្តុះបណ្តាលនៅ EU គិតត្រឹមដំណាច់រដូវក្តៅឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ DPA នាថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ EU នៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក លោក Borrell បាននិយាយថា បើបូករួមបញ្ចូលគ្នាជាមួយទាហានអ៊ុយក្រែន ដែលត្រូវបានបណ្តុះបណ្តាលរួចរាល់ ចំនួនទាហានអ៊ុយក្រែនសរុប ដែលឆ្លងកាត់ការហ្វឹកហាត់នៅសហភាពអឺរ៉ុប នឹងកើនដល់៦០,០០០នាក់។ នៅក្នុងថ្ងៃដដែល មុនការប្រកាសរបស់លោក Borrell ទីក្រុងបែរឡាំងបានឱ្យដឹងថា អាល្លឺម៉ង់មានផែនការបណ្តុះបណ្តាលទាហានអ៊ុយក្រែន ១០,០០០នាក់ថែមទៀត ក្នុងឆ្នាំនេះ ក្រោមក្របខណ្ឌនៃបេសកកម្មបណ្តុះបណ្តាលយោធារបស់ EU។
បង្កើតឡើងដំបូងកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំដដែលនោះ បេសកកម្មបណ្តុះបណ្តាលយោធាខាងលើរបស់ EU ដំបូងឡើយ មានគោលដៅជួយបង្វឹកកងទ័ពអ៊ុយក្រែន ត្រឹម១៥,០០០នាក់ប៉ុណ្ណោះ នៅអាល្លឺម៉ង់ ប៉ូឡញ និងនៅប្រទេស EU ដទៃទៀត។ ក្រោយមក គោលដៅក៏ត្រូវបានបង្កើនជាបន្តបន្ទាប់ ខណៈមកទល់ឥឡូវ ទាហានអ៊ុយក្រែនជិត៤០,០០០នាក់ បានទទួលការបណ្តុះបណ្តាល តាមរយៈកម្មវិធីរបស់សហភាពអឺរ៉ុប។
គួរបញ្ជាក់ថា នៅអាល្លឺម៉ង់ កងទ័ពអ៊ុយក្រែនបានហ្វឹកហាត់ប្រើប្រាស់ ប្រព័ន្ធការពារដែនអាកាស Patriot, រថក្រោះ Leopard 1 និង 2, រថពាសដែក Marder ព្រមទាំងទទួលបានការបង្ហាត់បង្រៀនការសង្រ្គោះផ្នែកវេជ្ជសាស្រ្ត និងយុទ្ធសាស្រ្តសឹក ជាដើម៕
រូបភាពពី Reuters