(អាមេរិក)៖ សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមផ្លូវអាកាស ដាក់លើក្រុមហ៊ូធីនៃប្រទេសយេម៉ែន ប៉ុន្តែការវាយប្រហារនោះ ត្រូវគេឃើញថាមិនជាប់ពាក់ព័ន្ធនឹង ការឆ្លើយតបចំពោះ អំពើវាយប្រហារសងសឹក ដែលបានសម្លាប់ទាហានអាមេរិក បីនាក់និងរបួសជាង៤០នាក់នៅលើមូលដ្ឋាន Tower22 ឡើយ។ ក្រុមហ៊ូធីកាលពីថ្ងៃទី៣០ មករាបានបាញ់មីស៊ីលដាក់លើគោលដៅចំនួន ២ក្នុងថ្ងៃតែមួយ គឺបាញ់ដាក់លើកប៉ាល់ចម្បាំង អាមេរិក និងបាញ់ដាក់លើកប៉ាល់ ដឹកជញ្ជួន ទំនិញមួយថែមទៀត។

សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមផ្លូវអាកាសដាក់លើក្រុមហ៊ូធីនៃប្រទេសយេម៉ែន ប៉ុន្តែការវាយប្រហារនោះ ត្រូវគេឃើញថាមិនជាប់ពាក់ព័ន្ធនឹងការឆ្លើយតបចំពោះ អំពើវាយប្រហារសងសឹកដែលបានសម្លាប់ទាហានអាមេរិកបីនាក់ និងរបួសជាង៤០នាក់នៅលើមូលដ្ឋាន Tower22 ឡើយ។ ការវាយប្រហារកាលពីថ្ងៃទី៣១មករាឆ្នាំ២០២៤ គឺជាការសងសឹកផ្សេង មួយខណៈក្រុមហ៊ូធី បានបន្តការវាយប្រហារដាក់លើ គោលដៅចំនួន២ក្នុងថ្ងៃតែមួយ គឺគោល ដៅមួយជានាវាចម្បាំងរបស់សហរដ្ឋអាមេរិក និងគោលដៅមួយទៀតគឺកប៉ាល់ដឹកជញ្ជួនទំនិញ ក្នុងដែនឈូងសមុទ្ទអារ៉ាប់។

ក្រុមហ៊ូធីនៃប្រទេសយេម៉ែន បានថ្លែងប្តេជ្ញាថាពួកគេនឹងធ្វើការវាយប្រហារជាច្រើនទៀត ដាក់លើគោលដៅនាវាដឹកជញ្ជូននិងលើ កប៉ាល់ចម្បាំងសហរដ្ឋអាមេរិកនិងអង់គ្លេស។ សេចក្តីថ្លែងប្តេជ្ញាចិត្តនេះ បានធ្វើតាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃពុធដោយបញ្ជាក់ ថាកប៉ាល់ចម្បាំងរបស់សហរដ្ឋអាមេរិកនិងអង់គ្លេស ដែលចូលរួមក្នុង អំពើឈ្លានពានប្រឆាំង នឹងប្រទេសយេម៉ែន គឺជាជាគោលដៅនៃការវាយប្រហារ។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ូធីនេះ ត្រូវគេបារម្ភថាគឺជាការបំពក់ផ្សែងសង្គ្រាមកាន់តែខ្លាំងថែមទៀត ក្នុងតំបន់និងជាជាក្តីព្រួយបារម្ភ ចំពោះសុវត្ថិភាពនាវាជើងទឹកនានាដែលធ្វើ ដំណើរ តាមច្រកសមុទ្ទក្រហម ក្រុមហ៊ូធីដែលប្រកាសការធ្វើសង្គ្រាម ដាក់លើអ៊ីស្រាអែលដើម្បីបង្ហាញសាមគ្គីភាពរបស់ខ្លួន ជាមួយនឹងក្រុមហាម៉ាសប៉ាឡេស្ទីន បានចាប់ផ្តើមបាញ់ដ្រូន និងមីស៊ីលដាក់សំដៅក៉បាល់ដឹក ទំនិញធ្វើដំណើរក្នុងដែនសមុទ្ទក្រហម និងតាមឆ្នេរសមុទ្ទ Aden ចាប់តាំងពីថ្ងៃទី១៩ វិច្ឆិកាឆ្នាំ ២០២៣។

សហរដ្ឋអាមេរិកនិងអង់គ្លេសបានធ្វើការវាយប្រហារជាច្រើនដង ដាក់លើគោលដៅក្រុមហ៊ូធីលើ ទឹកដីប្រទេសយេម៉ែនវិញ ខណៈបានបង្កើត ក្រុមល្បាតជើងទឹកចម្រុះជាតិសាសន៍មួយ ដើម្បីរក្សាការពារសុវត្ថិភាពដែនទឹកសមុទ្ទក្រហម ប៉ុន្តែទោះជាមានការវាយប្រហារខ្លាំងក្លា យ៉ាងណាក៏ដោយ ក្រុមហ៊ូធីនៅតែបន្តសកម្មភាពវាយប្រហារ ដាក់លើគោលដៅរបស់គេជា ដដែលក្នុងដែនសមុទ្ធអារ៉ាប់។

កាលពីថ្ងៃអង្គារ៍ទី៣០មករា, ក្រុមហ៊ូធីនេះ បានបាញ់មីស៊ីលជាច្រើនគ្រាប់ដាក់មកលើកប៉ាល់ ចម្បាំងអាមេរិក USS Gravely ខណៈបញ្ជាការដ្ឋានកណ្តាលអាមេរិក បានថ្លែងថាកងកម្លាំងអាមេរិក បានបាញ់ទម្លាក់មីស៊ីលគ្រូសប្រឆាំងនាវាបានមួយគ្រាប់។ ការវាយប្រហាររបស់ក្រុមហ៊ូធីនេះ គឺជាការវាយប្រហារលើកទី៣៨ហើយ គិតចាប់តាំងពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣នោះ មក។

ក្រុមហ៊ូធីបានថ្លែងបន្តទៀតថានៅថ្ងៃពុធនោះទៀត បន្ទាប់ពីបានបាញ់ដាក់លើវាវាចម្បាំងអាមេរិក រួចមក, មីស៊ីលរបស់ពួកគេមួយគ្រាប់ទៀត បានបាញ់ចំកប៉ាល់ដឹកជញ្ជួនKOL ដែលកំពុងដឹកញ្ជួនទំនិញសម្តៅទៅកាន់កំពង់ផែប្រទេសអ៊ីស្រាអែល។ មន្ត្រីនាំពាក្យយោធា ក្រុមហ៊ូធី លោក Yahya Sarea បានថ្លែងចាត់ទុកការវាយប្រហារ ដាក់លើកប៉ាល់ដឹកទំនិញ និងបាញ់ដាក់មកនាវាចម្បាំងអាមេរិកនេះ គឺជា«ការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា និងជាការឆ្លើយតបចំពោះ អំពើឈ្លានពានសហរដ្ឋអាមេរិក និងអង់គ្លេសដាក់លើទឹកដី ប្រទេសយេម៉ែន»។

លោក Yahya Sarea បានថ្លែងថាកងកម្លាំងប្រដាប់អាវុធជើងទឹកយេម៉ែនបានធ្វើប្រតិបត្តិការ បាញ់ដាក់លើកប៉ាល់ដឹកជញ្ជួនទំនិញ អាមេរិកមួយគ្រឿងឈ្មោះ KoL ដែលកំពុងធ្វើដំណើរ សម្តៅទៅកាន់កំពង់ផែអ៊ីស្រាអែល។ មន្ត្រីនាំពាក្យយោធាដដែលនេះ បានអះអាងការបាញ់ មីស៊ីល ចំលើនាវាដឹកជញ្ជួននោះថែមទៀត។ ក្រុមហ៊ូធីនិយាយថាមានការផ្ទុះឆេះ ជាច្រើននៅ លើកប៉ាល់ដឹកជំនួញរបស់អាមេរិកនោះ។

មន្ត្រីនាំពាក្យយោធារបស់ក្រុមហ៊ូធីដដែលបាននិយាយជុំវិញសកម្មភាពវាយប្រហាររបស់ខ្លួន ដាក់លើគោលដៅនាវាចម្បាំងរបស់ សហរដ្ឋអាមេរិកថែមទៀត។ លោក Yahya Sarea បានថ្លែងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅច្រើនម៉ោង បន្ទាប់ពីកង កម្លាំងជើងទឹកយេម៉ែន បានបាញ់មីស៊ីលច្រើនគ្រាប់ដាក់លើ គោលដៅនាវាពិឃាតអាមេរិក USS Gravely ក្នុងដែនសមុទ្ទក្រហម។ អ្នកនាំពាក្យដដែលបានអះអាងថាការវាយប្រហារ របស់កងទ័ពជើងទឹកយេម៉ែន បានធ្វើដោយផ្ទាល់និងបាញ់ច្បាស់ចំដាក់លើគោលដៅថែម ទៀត។ ទោះជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិក បានថ្លែងថាមីស៊ីលរបស់ក្រុមហ៊ូធីត្រូវបាន បាញ់ទម្លាក់និងបានធ្លាក់ចម្ងាយ ប្រមាណ១ម៉ាយល៍ ពីកប៉ាល់ចម្បាំងអាមេរិក USS Gravely នោះ។ សេចក្តីរាយការណ៍របស់ស៊ីអិនអិន និយាយថាគ្រាប់មីស៊ីលរបស់ក្រុមហ៊ូធីបានផ្ទុះនៅ ចម្ងាយមិនឆ្ងាយពីកប៉ាល់អាមេរិកឡើយ ខណៈដែលនាវាចម្បាំងអាមេរិក បានប្រើកាំភ្លើង ស្វ័ប្រវត្តិសម្រាប់បាញ់ស្កាត់អាវុធចម្ងាយខ្លី Close-in Weapon System CIWS បាញ់ទម្លាក់ គ្រាប់មីស៊ីលរបស់សត្រូវ។

***សហរដ្ឋអាមេរិកធ្វើការវាយប្រហារសងសឹកវិញ

ការវាយប្រហារដាក់លើគោលដៅ២ក្នុងថ្ងៃតែមួយរបស់ក្រុមហ៊ូធី បានប្រញាប់ឱ្យសហរដ្ឋអា មេរិកត្រូវធ្វើការតបតសងសឹក ដាក់ទៅលើក្រុមហ៊ូធីវិញ។ នៅថ្ងៃទី៣១មករា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមផ្លូវអាកាស ដោយបាញ់កម្ទេច ប្រ ព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសរបស់ក្រុមហ៊ូធីគ្រា ដែលប្រព័ន្ធអាវុធមីស៊ីលរបស់សត្រូវនេះ កំពុងត្រៀមរៀបចំធ្វើការបាញ់ចេញ ដាក់ទៅលើគោលដៅវាយប្រហារទៅហើយនោះ។ បញ្ជាការដ្ឋានកណ្តាលកងកម្លាំងសហរដ្ឋអាមេរិក បានថ្លែងថាកងកម្លាំងអាមេរិកបានរក ឃើញប្រព័ន្ធអាវុធមីស៊ីលនេះ ស្ថិតក្នុងតំបន់ទឹកដីយេម៉ែនដែលក្រុមហ៊ូ​ធីគ្រប់គ្រងនិង កំណត់ថាអាវុធមីស៊ីលនោះហើយ ដែលជាការគំរាមកំហែងចំពោះ កងនាវាជើងទឹករបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកនៅបានអះអាង ការបំផ្លាញដ្រូនរបស់សត្រូវ ចំនួន១០ គ្រឿងថែមទៀត។ ក្រុមហ៊ូធីនៅជាមួយគ្នាបានបញ្ជាក់ ជុំវិញការវាយប្រហាររបស់កងកម្លាំង សហរដ្ឋអាមេរិកបាញ់ដាក់លើ កន្លែងមួយនាភាគខាងជើងក្រុង Saada ប៉ុន្តែមិនបញ្ជាក់ជុំវិញទំហំខូចខាតឡើយ។

តើពេលណាដែលសហរដ្ឋអាមេរិកនឹងសងសឹកចំពោះកំហឹងវាយលើមូលដ្ឋាន Tower 22?

អំពើវាយប្រហារសងសឹកតបតភ្លាមៗដាក់លើសត្រូវ គឺជាអ្វីដែលសហរដ្ឋអាមេរិកតែងធ្វើ ដោយមិនឱ្យពេលវេលាបាន កន្លងហូសទៅយូរឡើយ ប៉ុន្តែការរង់ចាំមើលការសងសឹកតបត ដាក់ចំពោះព្រឹត្តិការណ៍វាយប្រហារដាក់លើមូលដ្ឋាន Tower 22 ដែលបណ្តាលឱ្យទាហាន អាមេរិកស្លាប់បីនាក់និងរងរបួសជាង៤០នាក់នោះ នៅមិនទាន់បានឃើញនៅឡើយទេ។
មន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានថ្លែងថា «ការមិនទាន់ឃើញមានសកម្មភាពឆ្លើយតប ក្នុងរយៈពេល៤៨ម៉ោងកន្លងមកនេះ មិនមែនមានន័យថា អ្នកមិនបានឃើញអ្វីដែលកើតឡើងឡើយ»

លោក John Kirby បញ្ជាក់ថាពេលនេះ ទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិកជឿថា ក្រុមអ៊ីស្លាមតស៊ូក្នុងប្រទេសអ៊ីរ៉ាក់ The Islamic Resistnace in Iraq គឺជាអ្នកនៅពីក្រោយខ្នងនៃការវាយ ប្រហារកាលពីថ្ងៃអាទិត្យកន្លងមកនោះ ។ ក្រុម The Islamic Resistnace in Iraq គឺជាក្រុមមួយ ដែលមានការជួយគាំទ្រពីប្រទេសអ៊ីរ៉ង់។ លោក John Korby បាននិយាយបន្តទៀតថា ការឆ្លើយតបពីសហរដ្ឋអាមេរិកនឹង ស្របតាមការសម្រេចនិងតាមកាលវិភាគដែលអាមេរិកបានកំណត់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន បានថ្លែងថា លោកបានសម្រេចចិត្ត រួចហើយទាក់ទងនឹងចំណាត់ការ ដែលនឹងត្រូវធ្វើជាបន្ទាប់ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ ថាតើចំណាត់ការនោះនឹងមានអ្វីខ្លះទេ។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលមួយទៀតនេះ គឺកាលពីថ្ងៃអង្គារ៍ទី៣០មករា ២ថ្ងៃបន្ទាប់ពីមាន សេចក្តីរាយការណ៍ខ្លះដែលបារម្ភថា សហរដ្ឋអាមេរិក នឹងអាចធ្វើការវាយប្រហារដាក់លើអ៊ីរ៉ង់នោះ ក្រុមជីវពលឥស្លាមគាំទ្រដោយអ៊ីរ៉ង់ និងជាក្រុមដែលមានឥទ្ធិពលបំផុត នៅក្នុងប្រទេសអ៊ីរ៉ាក់ គឺក្រុម Kataib Hezbollah បានប្រកាសកាលពីថ្ងៃអង្គារផ្អាកប្រតិបត្តិការយោធារបស់ខ្លួន ប្រឆាំងនឹងកងកម្លាំងអាមេរិកនៅក្នុងតំបន់។ ក្រុម Kataib Hezbollah គឺជាផ្នែកមួយនៃក្រុមអ៊ីស្លាមតស៊ូ ក្នុងប្រទេសអ៊ីរ៉ាក់ The Islamic Resistnace in Iraq និងជាក្រុមដែលគេសង្ស័យធំបំផុត ក្នុងអំពើវាយប្រហារដាក់លើមូលដ្ឋាន Tower 22 នោះ។ ក្រុម Kataib Hezbollah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គេសុំប្រកាសផ្អាកប្រតិបត្តិ ការយោធានិងសន្តិសុខ ប្រឆាំងនឹងកងកម្លាំងអាមេរិកដើម្បីការពារភាពអាម៉ាស់ដល់រដ្ឋាភិបាលអ៊ីរ៉ាក់"»។

***សេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ដោយសារការវាយប្រហារក្នុងដែនសមុទ្ទអារ៉ាប់

ការវាយប្រហាររបស់ក្រុមហ៊ូធីដាក់លើគោលដៅកប៉ាលដឹកជំនួញ ក្នុងដែនសមុទ្ទក្រហមនិង តាមឆ្នេរនៃសមុទ្ទ Aden បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក បានប្រឈមនឹងភាពមិននឹងន…តម្លៃ ដឹកជញ្ជួនបានកើនខ្ពស់, កប៉ាល់ដឹកទំនិញខ្លះត្រូវបង្ខំចិត្ត ផ្អាកការដឹកជញ្ជួនរបស់ខ្លួន គ្រាដែល កប៉ាល់ខ្លះត្រូវបើកវាងដែលបង្កើន ការធ្វើដំណើរកាន់តែច្រើនថ្ងៃ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ដែលពឹងផ្អែកតាមការដឹកជញ្ជួនច្រកផ្លូវទឹក មានបានប្រឈមនឹងហានិភ័យ។ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍កាលពីថ្ងៃទី៣១ មករាឆ្នាំ២០២៤ បានថ្លែងកត់សម្គាល់ នូវវិបត្តិនៃការដឹកជញ្ជួនតាមច្រកផ្លូវទឹកនេះ ដែលបន្ថែម សម្ពាធកាន់តែធ្ងន់មកលើសេដ្ឋកិច្ចពិភពលោក។

វិបត្តិដែលមិនទាន់អាចរកច្រកដោះស្រាយបាននេះ គឺដោយសារតែការខឹងនឹងសកម្មភាព របស់អ៊ីស្រាអែលវាយប្រហារ តាមកម្លាំងថ្មើរជើងផង និងតាមដែនអាកាសផង ដាក់មកលើតំបន់ហ្គាហ្សា នៃទឹកដីប៉ាឡេស្ទីនដោយបានធ្វើឱ្យ មនុស្សស្លាប់និងរបួសជាច្រើនម៉ឺននាក់។ ក្រុមហ៊ូធីបាននិយាយថា បើសិនជាអ៊ីស្រាអែលមិនបញ្ឈប់ ការវាយប្រហារដាក់លើតំបន់ហ្គាហ្សានោះទេ, ក្រុមយុទ្ធជនឥស្លាមដែលអ៊ីរ៉ង់គាំទ្រនេះ ក៏នឹងមិនបញ្ចប់សកម្មភាពវាយប្រហារដាក់លើ កប៉ាល់ដឹកទំនិញដែលគេចោទថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែល។ មន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានថ្លែងថាការវាយប្រហាររបស់ក្រុមហ៊ូធី ដាក់លើកប៉ាល់ បានធ្វើដោយមិនរើសមុខថាជារបស់អ្នកណាឡើយ។

លោក John Kirby បានថ្លែងថាក្រុមហ៊ូធីបាននិយាយថាកប៉ាល់ ដែលគេវាយប្រហារគឺជា កប៉ាល់ដែលជាប់ទាក់ទងនឹងជម្លោះ ក្នុងតំបន់ហ្គាហ្សា ប៉ុន្តែយើងបានឃើញថាចំនួន២ភាគបី នៃកប៉ាល់ដែលរងការវាយប្រហារគឺជាកប៉ាល់ជំនួញធម្មតា ដែលគ្មានទំនាក់ទំនងជាមួយនឹង អ៊ីស្រាអែលឡើយ។ លោកថាដូច្នេះអ្វីដែលក្រុមហ៊ូធីនិយាយគឺគ្មានការពិតនោះទេ ហើយ សហរដ្ឋអាមេរិកនឹងបន្តធ្វើអ្វីដើម្បីការពារសុវត្ថិភាព ការដឹកជញ្ជួននៅតាមផ្លូវទឹកនោះ។ ក្រុមហ៊ូធីដែលធ្វើសកម្មភាពវាយប្រហារ តាមផ្លូវទឹក តាំងពីថ្ងៃទី១៩វិច្ឆិកាមកនោះបានថ្លែង ថាគេចង់ឃើញការឈប់បាញ់គ្នាក្នុងតំបន់ហ្គាហ្សានិងការផ្តល់អាហារនិង ថ្នាំពេទ្យដល់ពលរដ្ឋ ក្នុងតំបន់ហ្គាហ្សា បើពុំដូច្នោះទេ ពួកគេនឹងបន្តសកម្មភាពរបស់ខ្លួនអុក ឡុកតាមដែនសមុទ្ទ អារ៉ាប់ក្នុងរយៈពេលយូរថែមទៀត។

មេបញ្ជាការកងកម្លាំងហ៊ូធី លោក Mohamed al-Atifi បានថ្លែងកាលពីថ្ងៃអង្គារ៍ទី៣០មករាថា «យើងនឹងរៀបចំការប្រឈមដ៏យូរអង្វែងមួយ ប្រឆាំងនឹងកងកម្លាំងគាបសង្កត់របស់សហរដ្ឋ អាមេរិកនិងបក្ខសម្ព័ន្ធ«។ មេបញ្ជាការហ៊ូធីរូបនេះបាននិយាយថា «ពួកអាមេរិកាំងនិងពួកអង់គ្លេស និងអ្នកទាំងឡាយដែលសហការជាមួយគ្នានេះ ត្រូវយល់ឱ្យច្បាស់នូវអំណាចទឹកដីរបស់ យេម៉ែន និងក៏គ្មានការជជែកឬតវ៉ាអំពីរឿងនោះបានឡើយ»

នៅក្នុងការឆ្លើយតបចំពោះការវាយប្រហាររបស់ក្រុមហ៊ូធី, រដ្ឋាភិបាលអាមេរិកបានចាត់ទុក ជាពិសេសចំពោះក្រុមសកម្មជនប្រយុទ្ធ លើទឹកដីប្រទេសយេម៉ែនទាំងនោះ គឺជាក្រុមភេរវ កម្មរបស់សកលលោក។ នៅជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប លោក Josep Borell បានថ្លែងកាលពីថ្ងៃពុធទី៣១មករាដែរថា សហគមន៍អឺរ៉ុបនឹងបង្កើតក្រុមល្បាត ផ្លូវទឹករបស់ខ្លួនដោយផ្ទាល់មួយ ជាបន្ថែមទៀតក្នុងរង្វង់ពាក់កណ្តាលខែកុម្ភៈនេះដើម្បីរក្សា សុវត្ថិភាពផ្លូវទឹកដែលរងការវាយប្រហារ ដោយក្រុមភេរវករពិភពលោកនេះ។ គូរបញ្ជាក់ថា ប្រទេសទាំង២៦ក្នុងសហគមន៍អឺរ៉ុបនេះ បានបដិសេធមិនចូលរួមក្នុងក្រុមល្បាតជើងទឹកដែល មានសហរដ្ឋអាមេរិកបានបង្កើត និងដឹកនាំនោះទេកាលពីខែធ្នូឆ្នាំ២០២៣កន្លងមកនេះដោយ សារតែមានក្តីបារម្ភខ្លះពីរដ្ឋជាសមាជិកមិនចង់ឱ្យ មានប្រតិបត្តិការជើងទឹកនោះបានស្ថិតក្រោម អំណាចរបស់សហរដ្ឋអាមេរិក។

សង្គ្រាមក្នុងតំបន់ហ្គាហ្សាគិតត្រឹមថ្ងៃព្រហស្បតិ៍ទី១ កុម្ភៈនេះ មានរយៈពេល១១៨ថ្ងៃហើយ ខណៈការប្រយុទ្ធគ្នានៅតែ មានសភាពកាចសហាវ ធ្វើឱ្យមានមនុស្សស្លាប់និងរបួសជារៀង រាល់ថ្ងៃ។ យោងតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សា តួលេខមនុស្សស្លាប់មានយ៉ាង ហោច២ម៉ឺន៦ពាន់៩០០នាក់ និងអ្នករងរបួសមាន៦ម៉ឺន៥ពាន់៩៤៩នាក់ ខណៈតួលេខស្លាប់ ក្នុងព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧ តុលា ឆ្នាំ២០២៣ លើទឹកដីអ៊ីស្រាអែលមានចំនួន១ពាន់១៣៩ នាក់។

អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានរាយការណ៍នៅថ្ងៃទី១កុម្ភៈថាកងកម្លាំងអ៊ីស្រាអែល បានធ្វើការបាញ់យ៉ាងខ្លាំងក្លា ក្នុងការសម្រុកមួយដាក់មកលើមន្ទីរពេទ្យ al-Amal ក្នុងតំបន់ Khan Younis ភាគខាងត្បូងហ្គាហ្សា។ នាយកអង្គការផ្តល់ជំនួយ និងជនភៀសខ្លួនប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិ UNRWA លោក Thomas White បានថ្លែងថាការវាយប្រហារ នោះបានធ្វើឱ្យ «យើងបាត់បងគ្លីនីកសុខភាព, បាត់បង់ទីជំរកធំស្នាក់នៅដែលសម្រាប់ជួយប្រជាជន Khan Younis»។

អង្គការផ្តល់ជំនួយនិងជនភៀសខ្លួនប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិ UNRWA បានរងការចោទពីអ៊ីស្រាអែលថា មានបុគ្គលិកបំរើការរបស់ខ្លួន យ៉ាងហោច១២នាក់បានចូលរួមក្នុង អំពើវាយប្រហារថ្ងៃទី៧តុលាឆ្នាំ២០២៣។ ការចោទប្រកាន់នោះ បាននាំឱ្យប្រទេសនានាដែល ជារដ្ឋផ្តល់ជំនួយដល់អង្គការនេះ ដូចជាសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងជប៉ុនជាដើម បានផ្អាកជំនួយរបស់ខ្លួនដល់អង្គការផ្តល់ជំនួយ និងជនភៀសខ្លួនប៉ាឡេស្ទីន UNRWA នេះ ដែលធ្វើឱ្យពលរដ្ឋក្នុងតំបន់ហ្គាហ្សា កំពុងស្ថិតក្រោមការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងស្ថិតក្នុងរង្វង់ការ វាយប្រហារទាំងយប់ទាំងថ្ងៃ មិនអាចចាកចេញទៅណា បានទាំងអស់នោះ កំពុងរងនឹងការអត់ឃ្លានជាខ្លាំង។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូហ្គូទែ័រ៉េស បានចាត់ទុកអង្គការផ្តល់ជំនួយនិង ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA គឺជាអង្គការទ្រទ្រង់មិនអាចខ្វះបាននៅក្នុងការផ្តល់ជំនួយ ដល់ពលរដ្ឋនៅហ្គាហ្សា ប៉ុន្តែអ៊ីស្រាអែលបានទាមទារឱ្យមាន អង្គការថ្មីណាមួយត្រូវមកធ្វើការ ជំនួសអង្គការ UNRWA នេះវិញ៕

រូបភាពពី Reuters