(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ទើបតែបានអនុម័តជំហានទី៣ នៃការធ្វើទំនើបកម្មយោធារបស់ប្រទេសហ្វីលីពីន ដែលក្នុងនោះរួមមានទាំងការទិញនាវាមុជទឹកដំបូងបង្អស់ផងដែរ ដើម្បីការពារអធិបតេយ្យរបស់ខ្លួន នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទទឹកដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីនប្រចាំសមុទ្រហ្វីលីពីនខាងលិច លោក Roy Trinidad បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ដំណាក់កាលទី៣ នៃគម្រោងធ្វើទំនើបកម្មយោធា ដែលបានឆ្លងកាត់ការកែសម្រួល ដើម្បីឱ្យស្របតាមតម្រូវការរបស់ប្រទេស គឺត្រូវបានប៉ាន់ប្រមាណថា នឹងចំណាយអស់ថវិកាប្រមាណ២ទ្រីលានប៉េសូ (៣៥.៦២ពាន់លានដុល្លារ) ហើយនឹងត្រូវអនុវត្តក្នុងរយៈពេលសរុប៧ឆ្នាំ។ ការប្រកាសនេះ កើតមានចំពេលមួយ ដែលភាពតានតឹងបាននិងកំពុងកើនឡើងជាមួយចិន ជុំវិញបញ្ហាវិវាទទឹកដីនៅសមុទ្រចិនខាងត្បូង។ ទីក្រុងម៉ានីលហៅផ្នែកនៃសមុទ្រចិនខាងត្បូង ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ថាសមុទ្រហ្វីលីពីនខាងលិច។
គួរបញ្ជាក់ថា បើតាមលោក Trinidad គឺលោកមិនទាន់អាចប្រាប់ឱ្យច្បាស់ថា នាវាមុជទឹកប៉ុន្មានគ្រឿងដែលហ្វីលីពីនមានបំណងទិញឡើយ ប៉ុន្តែលោកបានបង្ហើបថា គឺនឹងលើសពី១គ្រឿង។ លោក Trinidad បានអះអាងទៀតថា បារាំង អេស៉្បាញ កូរ៉េខាងត្បូង និងអ៉ីតាលី ជាដើម បាននាំគ្នាបង្ហាញចំណាប់អារម្មណ៍ ក្នុងការផ្គត់ផ្គង់នាវាមុជទឹកឱ្យហ្វីលីពីន៕
រូបភាពពី Reuters