(កៀវ)៖ ក្រុមមន្រ្តីក្នុងតំបន់និយាយថា គ្រាប់បែករបស់រុស្ស៉ីបានវាយប្រហារចំមន្ទីរពេទ្យមួយ នៅភាគឦសានប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធសប្តាហ៍នេះ និងនាំឱ្យមានការជម្លៀសអ្នកជំងឺជាច្រើននាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ ២០២៤។

ប្រធានសាខាប៉ូលិសជាតិក្នុងតំបន់ Kharkiv លោក Volodymyr Tymoshko បាននិយាយថា គ្រាប់បែកមួយគ្រាប់ បានវាយប្រហារចំមន្ទីរពេទ្យ ក្នុងទីក្រុង Velykyi Burluk ភាគឦសានតំបន់វេលាម៉ោងប្រហែល ៩ និង ៤៥នាទីយប់ (ម៉ោងក្នុងតំបន់)។ ចំណែកគ្រាប់បែកទី ២បានធ្លាក់នៅក្បែរនោះ។ មនុស្សចំនួន ៣៨នាក់ត្រូវបានជម្លៀសចេញពីកន្លែងសម្រាកព្យាបាលទាំងអស់ លើកលែងតែអ្នកជំងឺ ៥នាក់ និង ២នាក់ដែលស្នាក់នៅលើគ្រែពេទ្យ។

អភិបាលតំបន់ Kharkiv លោក Oleh Synehubov បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា ក្រុមបុគ្គលិកឆ្លើយតបបន្ទាន់ របស់មន្ទីរពេទ្យ បានជូនដំណឹងអំពីការវាយឆ្មក់តាមផ្លូវអាកាសទាន់ពេល ហើយអាចជម្លៀសមនុស្សបានដោយរលូន។ អ្នកជំងឺត្រូវបានបញ្ជូនទៅកន្លែងផ្សេង ឬប្តូរទៅព្យាបាលអ្នកជំងឺនៅខាងក្រៅ។ ក្រុមសង្គ្រោះបន្ទាន់បានធ្វើប្រតិបត្តិការ បោសសម្អាតនៅពេលយប់ ហើយមនុស្ស ៤នាក់ត្រូវរបួសស្រាល ទទួលការព្យាបាលនៅនឹងកន្លែង។

គួរបញ្ជាក់ថា Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មានដោយឯករាជ្យនោះទេ ប៉ុន្តែមានការវាយប្រហារជាញឹកញាប់របស់រុស្ស៉ី ទៅលើគោលដៅនានានៅក្នុងតំបន់ Kharkiv ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕

រូបភាពពី Reuters