(យូអិន)៖ នៅថ្ងៃព្រហស្បតិ៍នេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានចេញមុខអំពាវនាវឱ្យមានការបិទបញ្ចប់ អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមជាមួយការវិលត្រឡប់មកវិញ នៃរបបដឹកនាំតាមលទ្ធិប្រជាធិបតេយ្យ ក្នុងឱកាសខួបរយៈពេល៣ឆ្នាំ គិតចាប់តាំងពីការផ្ទុះរដ្ឋប្រហារយោធាដណ្តើមអំណាច នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Stephane Dujarric អ្នកនាំពាក្យលោក Guterres បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាឱកាសថ្ងៃខួបរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា លោកអគ្គលេខាធិការ UN នៅតែបន្តសង្កត់ធ្ងន់អំពីភាពចាំបាច់ជាបន្ទាន់ នៃការកសាងផ្លូវដើម្បីឆ្ពោះទៅរកការធ្វើអន្តរកាលប្រជាធិបតេយ្យ ជាមួយការវិលត្រឡប់មកវិញ នៃរបបដឹកនាំស៉ីវិល។ បើតាមលោក Dujarric លោក Guterres បានបន្ថែមទៀតថា ដំណោះស្រាយសម្រាប់វិបត្តិនេះ គឺតម្រូវឱ្យមានលក្ខខណ្ឌ ដែលអនុញ្ញាតឱ្យប្រជាជនមីយ៉ាន់ម៉ា អនុវត្តសិទ្ធិមនុស្សរបស់ពួកគេ ដោយសេរីនិងដោយសន្តិភាព ហើយយុទ្ធនាការប្រើប្រាស់ហិង្សារបស់របបយោធា ដែលមានគោលដៅលើជនស៉ីវិល និងការបង្រ្កាបនយោបាយ ចាំបាច់ត្រូវតែបញ្ឈប់។
គួរបញ្ជាក់ថា បើតាម UN មនុស្សប្រហែល២.៣លាននាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែងនៅមីយ៉ាន់ម៉ា ខណៈកិច្ចប្រឹងប្រែងរបស់បណ្តាប្រទេសជិតខាងមីយ៉ាន់ម៉ា ដើម្បីជួយផ្តើមឱ្យមានកិច្ចសន្ទនារវាងរដ្ឋាភិបាលយោធា និងក្រុមប្រឆាំង គឺហាក់មិនទទួលបានវឌ្ឍនភាពអ្វីឡើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ កាលពីថ្ងៃពុធសប្តាហ៍នេះ របបសឹកមីយ៉ាន់ម៉ា ក៏បានសម្រេចបន្តអូសបន្លាយការដាក់ប្រទេសក្នុងភាពអាសន្ន សម្រាប់រយៈពេល៦ខែទៀតផងដែរ ក្រោមហេតុផលថា ដើម្បីស្តារប្រក្រតីភាព ស្ថិរភាព និងសន្តិភាព ក្នុងប្រទេសឡើងវិញ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ធំបំផុតមិនធ្លាប់មាន ចំពោះអំណាចរបស់ខ្លួន ដោយបានបាត់បង់ទឹកដី ជាបន្តបន្ទាប់ទៅឱ្យក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ចាប់តាំងពីខែតុលា ឆ្នាំមុន៕
រូបភាពពី Reuters