(ព្រុចសែល)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហភាពអឺរ៉ុប (EU) បានឱ្យដឹងថា ប្លុកនេះនឹងមិនអាចធ្វើតាមគោលដៅបញ្ជូនគ្រាប់កាំភ្លើងធំ ឱ្យបាន១លានគ្រាប់ដល់អ៊ុយក្រែន នៅត្រឹមខែមីនា ឆ្នាំនេះឡើយ ពោលគឺដល់ខែកំណត់នោះ EU នឹងផ្តល់ឱ្យបានប្រហែលជាងពាក់កណ្តាល​ប៉ុណ្ណោះ នៃចំនួនដែលបានសន្យា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិនៃប្រទេសជាសមាជិក EU នៅឯទីក្រុងព្រុចសែល លោក Josep Borrel ប្រមុខការទូតរបស់ EU បានលើកឡើងថា ប្រមាណជា៥២ភាគរយ នៃចំនួនគ្រាប់កាំភ្លើងដែលត្រូវបានសន្យា នឹងប្រគល់ឱ្យដល់ដៃអ៊ុយក្រែន ខណៈគោលដៅដែលត្រូវ​បានកំណត់ពីដំបូង នឹងសម្រេចបាននៅចុងឆ្នាំនេះ។ យោងតាមលោក Borrel សមត្ថភាពផលិតគ្រាប់កាំភ្លើងធំនៅអឺរ៉ុប បានកើនឡើង​៤០ភាគរយ គិតចាប់តាំងពីសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនបានផ្ទុះឡើង ហើយការផលិតត្រូវបានរំពឹងថា នឹងកើនដល់ ១.៤លានគ្រាប់ក្នុងមួយឆ្នាំ នៅចុងឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ថា គោលដៅខាងលើត្រូវបានកំណត់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ៊ុយក្រែន សម្រាប់គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ ដែលបានក្លាយជាវត្ថុដ៏សំខាន់ ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធតស៊ូរបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ដែលបានចាប់ផ្តើមតាំងពី​ខែកុម្ភៈ ឆ្នាំ២០២២ ហើយឥឡូវកំពុងបន្តអូសបន្លាយរកទីបញ្ចប់ មិនទាន់ឃើញ។

រូបភាពពី Reuters