(ព្រុចសែល)៖ នៅថ្ងៃព្រហស្បតិ៍នេះ បណ្តាមេដឹកនាំសហភាពអឺរ៉ុប (EU) នឹងព្យាយាមបញ្ចុះបញ្ចូលលោកនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban ឲ្យចូលរួមក្នុង ផែនការផ្តល់ហិរញ្ញប្បទានប្រកបដោយស្ថិរភាពសម្រាប់អ៊ុយក្រែន ប៉ុន្តែពួកគេក៏ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សាច់ប្រាក់ ដល់ទីក្រុងកៀវដោយគ្មានហុងគ្រីផងដែរ ប្រសិនបើការព្យាយាមរបស់ពួកគេបរាជ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

EU មានផែនការជួយបំពេញតម្រូវការរបស់អ៊ុយក្រែនពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៧ ជាមួយនិងប្រាក់កម្ចីចំនួន ៣៣ពាន់លានអឺរ៉ូ ឬស្មើនឹង ៣៦ពាន់លានដុល្លារ រួមទាំង កញ្ចប់ជំនួយចំនួន ១៧ពាន់លានអឺរ៉ូ។ ដើម្បីអាចយកថវិការបស់ EU មកប្រើប្រាស់បាន ត្រូវតែមានការយល់ព្រមពីប្រទេសជាសមាជិកទាំង ២៧ ប៉ុន្តែរងការជំទាស់ពី ហុងគ្រី ដែលនាំឲ្យមានការប្រឈមមុខដាក់គ្នា នៅក្នុងចំណោមសមាជិកទាំងអស់ចាប់តាំងពីខែធ្នូមក។

កិច្ចប្រជុំកំពូលនៅថ្ងៃព្រហស្បតិ៍នេះ គឺជាឱកាសចុងក្រោយដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ មុនពេលបោះបង់ចោលការយកថវិការបស់ EU សម្រាប់ជាមូលនិធិ ដល់អ៊ុយក្រែន ហើយត្រឡប់ទៅវិធីសាស្រ្តផ្តល់ហិរញ្ញប្បទានដ៏ស្មុគស្មាញ ចំណាយតិច និងមិនអាចសន្យាបាន ដែលធ្លាប់ប្រើកាលពីមុន។ EU មិនអាចរង់ចាំយូរទៀតទេ ព្រោះអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងអស់សាច់ប្រាក់ ដើម្បីដំណើរការរដ្ឋាភិបាលនៅក្នុងខែមីនា។

គួរបញ្ជាក់ថា ហិរញ្ញប្បទានសម្រាប់រយៈពេល ៤ឆ្នាំរបស់ EU គឺពិតជាមានសារៈសំខាន់បំផុតសម្រាប់អ៊ុយក្រែន ក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងជួបប្រទះភាព មិនច្បាស់លាស់ ព្រោះតែភាពខ្វែងគំនិតគ្នានៅក្នុងសភា ជុំវិញកញ្ចប់ជំនួយយោធាថ្មីសម្រាប់ទីក្រុងកៀវ៕

រូបភាពពី Reuters