(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាសហរដ្ឋអាមេរិកជឿជាក់ថាចលនាប្រដាប់អាវុធ Islamic Resistance នៅក្នុងប្រទេសអ៉ីរ៉ាក់ គឺជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្ដហោះដ្រូននៅក្នុងប្រទេសហ្ស៊កដានី ដែលបានសម្លាប់ទាហានអាមេរិក ៣នាក់ ហើយនេះគឺជាការចោទប្រកាន់ជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «យើងជឿជាក់ថាការវាយប្រហារនៅក្នុង ប្រទេសហ្ស៊កដានី ធ្វើឡើងដោយការគ្រោងទុក ផ្ដល់ធនធាន និងសម្របសម្រួលដោយក្រុម Islamic Resistance នៅក្នុងប្រទេសអ៉ីរ៉ាក់ ដែលមានសមាជិកក្រុម ជាច្រើនក្នុងនោះរួមមានទាំងក្រុម Kata’ib Hezbollah ផងដែរ»។ លោក John Kirby មិនបានចោទប្រកាន់ត្រង់ៗថាក្រុម Kata’ib Hezbollah ជាអ្នកនៅពីក្រោយ ការវាយប្រហារលើទាហានអាមេរិក ដូចដែលសេចក្ដីរាយការណ៍មួយចំនួនអះអាងនោះទេ ដោយលោកនិយាយថាក្រុមមួយនេះមិនមែនជាអ្នកទទួលខុសត្រូវតែម្នាក់គត់ លើការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នាពេលកន្លងមកទេ។

គួរបញ្ជាក់ថា ការវាយប្រហារដោយយន្ដហោះដ្រូន នៅក្នុងប្រទេសហ្ស៊កដានី កាលពីចុងសប្ដាហ៍កន្លងទៅ គឺជាការវាយប្រហារដំបូងបំផុតដែលបានសម្លាប់ទាហានអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក។ លោក ចូ បៃដិន បានព្រមានថាសហរដ្ឋអាមេរិក នឹងចាត់វិធានការសងសឹក តែព្រមពេលជាមួយគ្នា អ៉ីរ៉ង់ក៏បានប្រកែកដែរថាខ្លួន មិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះទេ៕

រូបភាពពី Reuters