(បាងកក)៖ សកម្មជននយោបាយថៃ លោក Ruangkrai Leekitwattana បាននិយាយថាលោកផ្ទាល់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើដំណើរទៅកាន់ គណៈកម្មការរៀបចំការបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈនេះ ដើម្បីដាក់ញត្តិទាមទារឱ្យរំលាយគណបក្ស Move Forward។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post។

លោក Ruangkrai ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីតុលាការធម្មនុញ្ញថៃកាលពីថ្ងៃពុធ ទី៣១ ខែមករា បានចេញសាលក្រមមួយដោយសម្រេចថាការប៉ុនប៉ង របស់គណបក្ស Move Forward ដែលជាបក្សប្រឆាំងធំជាងគេរបស់ថៃ ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីច្បាប់ប្រមាថព្រះចេស្ដា បានបំពានលើរដ្ឋធម្មនុញ្ញ និងជាការប៉ុនប៉ងផ្ដួលរំលំរបបរាជានិយម។ សាលក្រមនេះក៏បានបង្គាប់ឱ្យគណបក្ស Move Forward បោះចោលគោលនយោបាយមួយនេះផងដែរ។

គួរបញ្ជាក់ថា លោក Ruangkrai ដែលជាសមាជិកមួយរូបរបស់គណបក្ស Palang Pracharath ធ្លាប់បានដាក់ញត្តិ ២លើករួចមកហើយ ទៅកាន់ គណៈកម្មការរៀបចំការបោះឆ្នោតថៃ កាលពីឆ្នាំ២០២២ ដើម្បីទាមទារឱ្យរំលាយគណបក្ស Move Forward ពាក់ព័ន្ធនឹងការព្យាយាមធ្វើវិសោធនកម្មច្បាប់ស្ដីពី ការប្រមាថព្រះចេសា្តត្រង់ផ្នែកទី១១២ នៃរដ្ឋធម្មនុញ្ញថៃ។ ប៉ុន្តែ ញត្តិទាំង២លើកនេះត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតបដិសេធមិនទទួលយក ដោយសំអាងថាសកម្មភាពរបស់គណបក្ស Move Forward មិនមានមូលដ្ឋានគ្រប់គ្រាន់ឈានដល់ការរំលាយគណបក្សនៅក្រោមច្បាប់បោះឆ្នោតទេ។

យ៉ាងណាក៏ដោយ លោក Ruangkrai បានអះអាងថាសកម្មភាពរបស់គណបក្សប្រឆាំងមួយនេះបានបំពានផ្នែក ៩២ នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដូច្នេះ លោកយល់ថាគណៈកម្មការរៀបចំការបោះឆ្នោតត្រូវតែទទួលយកញត្តិរបស់លោកយកទៅពិចារណា ដើម្បីរំលាយគណបក្ស Move Forward។ កាលពីឆ្នាំ២០២០ តុលាការធម្មនុញ្ញថៃ ក៏បានប្រកាសរំលាយគណបក្ស Future Forward ដែលជាគណបក្សដើមរបស់ Move Forward ផងដែរ៕

រូបភាពពី Reuters