(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានដាក់ទណ្ឌកម្មបន្ថែមលើរបបសឹកមីយ៉ាន់ម៉ា ជាការរំលឹកដល់ខួប ៣ឆ្នាំនៃការធ្វើរដ្ឋប្រហារយោធា ជាមួយការកំណត់គោលដៅលើក្រុមហ៊ុនចំនួន២ និងបុគ្គលជាច្រើននាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរបបសឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយថាទណ្ឌកម្មកាលពីថ្ងៃពុធ គឺមានគោលដៅលើក្រុមហ៊ុនសម្ព័ន្ធ Shwe Byain Phyu Group of Companies រួមទាំងម្ចាស់ក្រុមហ៊ុននេះឈ្មោះ Thein Win Zaw ភរិយា និងកូន២នាក់របស់លោក។ តាមក្រសួងហិរញ្ញវត្ថុអាមេរិក ក្រុមហ៊ុននេះបាននាំចូល និងចែកចាយប្រេងឥន្ធនៈសម្រាប់យោធាមីយ៉ាន់ម៉ា និងមានទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុន Myanmar Economic Holdings Ltd គ្រប់គ្រងដោយយោធា និងដែលស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២១។

សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Myanmar Five Star Line ផងដែរដោយចោទថាក្រុមហ៊ុនមួយនេះដឹកសម្ភារៈសម្រាប់ផលិតអាវុធ ឱ្យយោធាមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ានមួយផងនោះ បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សា ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្តែ ៣ឆ្នាំ ក្រោយរដ្ឋប្រហារនេះ របបសឹកយោធាមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ធំបំផុតមិនធ្លាប់មាន ចំពោះអំណាចរបស់ខ្លួន ដោយបានបាត់បង់ទឹកដី ជាបន្តបន្ទាប់ទៅឱ្យក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច៕

រូបភាពពី Reuters