(អង់ការ៉ា)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសតួកគី នៅថ្ងៃទី១២ ខែកុម្ភៈ ដើម្បីជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីតួកគី លោក Tayyip Erdogan ដែលនេះអាចនឹងក្លាយជាដំណើរទស្សនកិច្ចលើកបំផុតរបស់លោក ពូទីន ទៅកាន់ប្រទេសជាសមាជិក NATO ចាប់តាំងសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីតួកគីម្នាក់។ ប៉ុន្តែ ខាងរុស្ស៉ីមិនទាន់ទទួលស្គាល់ជាផ្លូវការពី ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់តួកគីនៅឡើយទេ។ លោក ពូទីន បានធ្វើដំណើរចេញក្រៅប្រទេសតិចតួចបំផុត ចាប់តាំងពីតុលាការ ICC ចេញដីកាចាប់ខ្លួនរូបលោក ជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ ទីក្រុងមូស្គូបានច្រានចោល ការចោទប្រកាន់នេះ។

គួរបញ្ជាក់ថា តាមរយៈដីកាចាប់ខ្លួនរបស់តុលាការ ICC បណ្ដាប្រទេសជាសមាជិកតុលាការអន្តរជាតិមួយនេះមានកាតព្វកិច្ចចាប់ខ្លួនលោក ពូទីន ប្រសិនបើប្រធានាធិបតីរុស្ស៉ីរូបនេះស្ថិតនៅលើទឹកដីរបស់ពួកគេ។ ប៉ុន្តែ តួកគីមិនមែនជាសមាជិក ICC ទេ ដូច្នេះលោក ពូទីន អាចធ្វើដំណើរទៅកាន់ តួកគី ដោយមិនចាំបាច់បារម្ភពីការចាប់ខ្លួនឡើយ៕

រូបភាពពី Reuters