(វ៉ាស៊ីនតោន)៖ កងកម្លាំងអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍នេះបានបាញ់កម្ទេចមីស៊ីលមួយគ្រាប់របស់ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ មានមូលដ្ឋាននៅក្នុងប្រទេសយេម៉ែន ដែល គំរាមកំហែងដល់យន្ដហោះរបស់សហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ពីយោធាអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

សហរដ្ឋអាមេរិក បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទី ទាំងធ្វើឡើងតែម្នាក់ឯង និងរួមគ្នាជាមួយចក្រភពអង់គ្លេស។ ប៉ុន្តែការវាយប្រហារកន្លងមក មានគោលដៅត្រឹមតែកាត់បន្ថយសមត្ថភាពរបស់ចលនាប្រដាប់អាវុធមួយនេះកុំឱ្យបន្តបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហមតែប៉ុណ្ណោះ។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ទីបញ្ជាការ​កណ្តាល​សហរដ្ឋ​អាមេរិក ​ឬហៅកាត់ថា ​CENTCOM បានបញ្ជាក់ថាកងកម្លាំងអាមេរិកបានកម្ទេចមីស៊ីលមួយគ្រាប់របស់ក្រុមហ៊ូទី ដែលត្រូវបានត្រៀមសម្រាប់បាញ់ចេញ បន្ទាប់ពីកំណត់ថាមីស៊ីលនេះបង្កការគំរាមកំហែងភ្លាមៗដល់យន្ដហោះអាមេរិក។ CENTCOM មិនបានបញ្ជាក់ពីប្រភេទយន្ដហោះ របស់ខ្លួនដែលស្ថិតក្រោមការគំរាមកំហែងនោះទេ ហើយក៏មិនបានឱ្យដឹងពីទីតាំងដែលខ្លួនបានវាយប្រហារនោះដែរ ដោយគ្រាន់តែនិយាយថាគោលដៅនោះស្ថិតនៅក្នុង តំបន់គ្រប់គ្រងដោយក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន។

គួរបញ្ជាក់ថា ទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ូទីក៏បានអះអាងដែរថាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានវាយប្រហារលើគោលដៅស្ថិតនៅទីក្រុង Saada ស្ថិតនៅភាគខាងជើងប្រទេសយេម៉ែន តែមិនបានបញ្ជាក់ពីអត្តសញ្ញាណគោលដៅ ឬព័ត៌មានស្ដីពីការខូចខាត និងម​នុស្សស្លាប់ ឬរងរបួសនោះឡើយ៕

រូបភាពពី AFP