(ម៉ូស្គូ)៖ រុស្ស៊ី និងអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធ (៣១ មករា) ថា ពួកគេបានបញ្ចប់ការដោះដូរអ្នកទោសគ្នា ដែលជាលើកដំបូងចាប់តាំងពីការធ្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី កាលពីសប្តាហ៍មុនដែលទីក្រុងមូស្គូនិយាយថា ដឹកឈ្លើយសឹកអ៊ុយក្រែន ៦៥ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ភាគីនីមួយៗបានសង្គ្រោះជីវិតទាហាន ១៩៥ នាក់ ហើយទាហានរបស់ខ្លួននឹងត្រូវហោះហើរទៅកាន់ទីក្រុងមូស្គូ ដើម្បីទទួលការព្យាបាលផ្នែកវេជ្ជសាស្ត្រ និងផ្លូវចិត្ត។
ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា ប្រទេសអារ៉ាប់រួមបានដើរតួនាទីសំខាន់ក្នុងការសម្រុះសម្រួលកិច្ចព្រមព្រៀងនេះ។
ក្រសួងការពារជាតិរុស្ស៉ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា «ជាលទ្ធផលនៃដំណើរការចរចា នៅថ្ងៃទី៣១ ខែមករានេះទាហានរុស្ស៊ី ១៩៥ នាក់ដែលស្ថិតក្នុងគ្រោះថ្នាក់ដល់ជីវិត ក្នុងការជាប់ជាឈ្លើយសឹកត្រូវបានត្រលប់ពីទឹកដី ដែលគ្រប់គ្រងដោយរបបក្រុងកៀវ ជាថ្នូរនឹងអ្នកទោសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន ១៩៥ នាក់ត្រូវបានដោះដូរ»។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយនៅលើគណនេយ្យបណ្តាញសង្គម X ផ្លូវការរបស់ខ្លួនថា នេះគឺជាប្រតិបត្តិការដោះដូរដ៏ធំបំផុតមួយរហូតមកដល់បច្ចុប្បន្ន។ លោកបានផ្តល់តួលេខខ្ពស់ជាងបន្តិច សម្រាប់ចំនួនពលរដ្ឋអ៊ុយក្រែនដែលវិលត្រឡប់មកវិញ។ លោកបាននិយាយដូច្នេះថា «ប្រជាជនរបស់យើងបានត្រលប់មកវិញហើយ ចំនួន ២០៧ នាក់។ ពួកយើងកំពុងនាំពួកគេទៅផ្ទះ ទោះបីជាមានបញ្ហាអ្វីក៏ដោយ»។
គួរបញ្ជាក់ថា ប្រទេសទាំងពីរបាន និងកំពុងអនុវត្តការផ្លាស់ប្តូរអ្នកទោស តាមកាលកំណត់តាមរយៈអន្តរការី ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមជិតពីរឆ្នាំមុន បើទោះបីជាមិនមានការចរចាសន្តិភាពណាមួយរវាងពួកគេ ចាប់តាំងពីខែដំបូងនៃជម្លោះក៏ដោយ។ ការផ្លាស់ប្តូរចុងក្រោយ និងធំបំផុតគឺនៅថ្ងៃទី៣ ខែមករា នៅពេលដែលអ្នកទោសសរុប ៤៧៨ នាក់ត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីការសម្រុះសម្រួលដោយប្រទេសអេមៀរ៉ាត់អារ៉ាប់រួម៕